ព័ត៌មាន

ក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិរបស់ប្រទេស អូស្ត្រាលីសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ផ្តល់កិច្ចសហការ..

ក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ​​ទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។​ លោក​ ជាម ច័ន្ទសោភ័ណ អភិបាល​​អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បាន​ទទួល​ជួប​ពិភាក្សាការងារ​ជាមួយ​តំណាងក្រុមហ៊ុន និង​បានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅ​ខេត្តត្បូងឃ្មុំ ពិសេស​ក៏​ស្នើ​ដល់​ក្រុមហ៊ុន​ត្រូវ​រក្សា​ចំណុច​​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ និង​អាស្រ័យផលក្នុងតំបន់នោះ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​ប្រជាពលរដ្ឋ។​​​​

លោក​​បាន​បន្ថែម​​ថា​ សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋមួយចំនួន​ បាន​កំពុង​អាស្រ័យផលក្នុងតំបន់នោះ ដោយ​ពួក​គាត់​ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះ​សូម​ខាង​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងមេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ​ឱ្យ​បាន​សមរម្យ​។ ក្នុង​នោះ​ខាង​ក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់នោះ​ ដើម្បី​ឱ្យ​​ពួក​គាត់​មាន​ការងារ​ធ្វើ​ជៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយ ឬ​ចេញទៅក្រៅប្រទេសជាដើម។

តំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តា​ផ្តល់​កិច្ចសហការ ដើម្បីធ្វើយ៉ាងណា​ឱ្យ​ដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះ​គឺ​ជា​ផល​ប្រយោជន៍​ទាំង​អស់​គ្នាទាំងខាងក្រុមហ៊ុន និង​រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិរបស់ប្រទេស អូស្ត្រាលី ដែលបានរុករ៉ែជាច្រើនប្រទេសមកហើយ ក្នុងនោះមាននៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ រហូតមកដល់ពេលនេះ នៅកម្ពុជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន០៧ ក្នុងនោះ០១​ជា​អាជ្ញាប័ណ្ណ​អាជីវកម្ម និង០៦ទៀតជា​អាជ្ញាប័ណ្ណ​​ស្វែង​រុក​រក បូក​រួម​ទាំង​ខេត្ត​ត្បូង​ឃ្មុំ​នេះ​ផងដែរ។

ចំពោះ​ក្រុមហ៊ុន​រុក​រករ៉ែនេះ ​បាន​ចាប់​ដៃ​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ផ្តល់​ផល​ប្រយោជន៍​ទាំង​សង​ខាង ​សំខាន់​បំផុត​ផ្ដល់​ការងារ​ដល់​ប្រជាជន​ក្នុង​សហគមន៍ ​និង​បណ្ដុះបណ្ដាល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *