ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យម្ចាស់សត្វតោយកតោទៅចិញ្ចឹមនៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើទ្រុង

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យម្ចាស់សត្វតោយកតោទៅចិញ្ចឹមនៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតិឱយម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើ
ទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្ស ក្នុងផ្ទះនិងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ
ប្រទេសដែលបានផ្តល់យោបល់និងអាណិត
ដល់សត្វតោ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះ បានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ​ សីហា​ នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។
ប្រតិបត្តិកាចុះដកហូតសត្វតោនោះ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិនបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ បានឱ្យដឹងថា​ ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលេីពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក​។
លោកបន្តថា ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ​ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។ ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វេីការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ​ ដេីម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត​។
សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម​ ត្រូវបានបុរសជនជាតិចិនចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូូក្រាម៕
adm

Leave a Reply

Your email address will not be published. Required fields are marked *