ព័ត៌មាន

ទិវាមច្ឆជាតិ៖ រួមគ្នាស្ដាកម្ពុជាអោយវិលទៅជា ជង្រុកនៃធនធានមច្ឆជាតិដ៏សម្បូរបែប ដូចពីអតីតកាល

ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ ដែលប្រារព្ធធ្វើឡើងដើម្បីឆ្លុះបញ្ចាំងបង្ហាញពីការយកចិត្តទុកដាក់រួចគ្នាជាធ្លុងមួយលើការអភិវឌ្ឍ និងអភិរក្សធនធានមច្ឆជាតិរបស់សង្គមជាតិកម្ពុជា អោយកាន់តែសំបូរ និងស្ថិតស្ថេរយូរអង្វែងសម្រាប់ជាប្រភពនៃម្ហូបអាហារ។ តាមរយៈការប្រារព្ធទិវាមច្ឆជាតិ និងការរួបរួមគ្នាជាធ្លុងមួយលើការអភិវឌ្ឍ និងអភិរក្សធនធានមច្ឆជាតិ ប្រកបដោយសារតីយកចិត្តទុកដាក់ខ្ពស់នេះ នឹងធ្វើអោយនឹងធ្វើអោយទឹកដីនៃព្រះរាជជាណាចក្រកម្ពុជា នៅតែជាជង្រុកនៃធនធានមច្ឆជាតិយ៉ាងសំបូរបែបទាំងនៅពេលបច្ចុប្បន្ន និងតទៅអនាគត ដូចដែលកម្ពុជាធ្លាប់មានកាលបីអតីតកាលមក។
ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ ដែលប្រារព្ធធ្វើឡើងដើម្បីឆ្លុះបញ្ចាំងបង្ហាញពីការយកចិត្តទុកដាក់រួចគ្នាជាធ្លុងមួយលើការអភិវឌ្ឍ និងអភិរក្សធនធានមច្ឆជាតិរបស់សង្គមជាតិកម្ពុជា អោយកាន់តែសំបូរ និងស្ថិតស្ថេរយូរអង្វែងសម្រាប់ជាប្រភពនៃម្ហូបអាហារប្រកបដោយប្រូតេអ៊ីនធម្មជាតិជូនដល់ប្រជាជនកម្ពុជា។ …ទិវាមច្ឆជាតិដ៏មានអត្ថន័យនេះបានក្លាយទៅជាទិវាប្រពៃណី និងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងន័យបំផុសស្មារតីប្រជាជនគ្រប់ស្រទាប់ទាំងប្រជាជន មន្ត្រីរាជការគ្រប់ស្ថាប័នអង្គភាព ក៏ដូចជាវិស័យឯកជន អោយបានយល់ជ្រួតជ្រាប និងបានចូលរួមយ៉ាងសកម្មក្នុងការការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល សំដៅធានាដល់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានជលផលអោយមានចេរភាព ដល់កូនចៅរាប់ជំនាន់ក្រោយទៀត។ ការប្រារព្ធទិវាមច្ឆជាតិថ្ងៃទី១ ខែកក្កដា គឺស្របគ្នាទៅនឹងថ្ងៃបិទរដូវនេសាទទូទាំងប្រទេស ក្នុងគោលបំណងទុកឱកាសឱមេមច្ឆជាតិបានបន្តពូជពងកូន និងស្វែងរកចំណីហើយលូតលាស់ធំធាត់ក្នុងបណ្ដាឆ្នាំខាងមុខ។
ក្នុងស្មារតីនេះប្រជាជនកម្ពុជាមានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវាមច្ឆជាតិថ្ងៃទី១ ខែកក្កដា និងប្រមូលបានការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់តួអង្គពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅទូទាំងប្រទេស ស្របតាមស្មារតីនៃបទបញ្ជាលេខ០១បប ស្ដីពីការចាត់វិធានការលំបំបាត់បទល្មើសនេសាទ ដូចជាភាពអនាធិបតេយ្យនៃការដាក់សម្រាស់ ធ្នាក់ ព្រួល និងសំណង់កាត់ទទឹងទន្លេរ ស្ទឹង ព្រែក អូ និងបឹងបួរទាំងឡាយតាមបណ្ដាខេត្តពាក់ព័ន្ធ និងបឹងទន្លេរសាប អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាអភិរក្សជលផល នៃរដ្ឋបាលជលផល បានអោយដឹងថា តំបន់អភិរក្សត្រីទឹកសាបនៅកម្ពុជា មានចំនួន៥៨កន្លែងដែលសំបូរត្រីច្រើនជាងគេ ប៉ុន្តែនៅមិនទាន់អាចផ្គត់ផ្គង់ត្រីបានទេ ដោយសារតែចំនួនប្រជាពលរដ្ឋមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបញ្ជាក់ថាពលរដ្ឋម្នាក់ទទួលត្រីប្រមាណ៥២,៤ គីឡូក្រាមក្នុងមួយឆ្នាំ ហើយត្រីទឹកសាបមិនគ្រប់គ្រាន់នោះទេ ដូច្នេះក្រសួងបានលើកទឹកចិត្តអោយប្រជាពលរដ្ឋ ចិញ្ចឹមជាលក្ខណៈគ្រួសារនិងអាជីវកម្មដើម្បីធានានូវការផ្គត់ផ្គង់អោយបានគ្រប់គ្រាន់។
កម្ពុជាមានវិសាលភាពប្រព័ន្ធទឹកសាបប្រមាណ២.៧%នៃផ្ទៃប្រទេសដែលសំបូរទៅដោយសារធាតុជាតិខនិជ និងសារធាតុចិញ្ចឹមមានផលិតភាពខ្ពស់ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ផ្នែកជលផលទឹកសាបបន្ទាប់ពីចិន ឥណ្ឌា និងបង់ក្លាដេស។ តាមរយៈទិវានេះយើងនឹងអាចជំរុញ កម្មវិធីអនុវត្តការអភិវឌ្ឍវិស័យជលផល នៅតាមបណ្ដាសហគមអោយកាន់តែរីកលូតលាស់ និងសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើតបានសំណាញ់សុវត្ថិភាពម្ហូបអាហារ ឆ្លើយតបនឹងកំណើនប្រជាជនដែលកំពុងបន្តកើនឡើងឥតឈប់ឈរ និងធ្វើអោយកម្ពុជាយើងទទួលបាននូវភាពសំបូរបែបនៃធនធានមច្ឆជាតិដូចក្នុងសម័យអតីតកាល ដែលពាក្យបុរាណខ្មែរយើងលើកឡើងថា «នៅទីណាមានទឹកទីនោះមានត្រី»។ នេះគឺជាបុព្វហេតុនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលដែលដាក់ចេញនូវបទបញ្ជាលេខ០១បប ដែលមិនមែនបានកើតឡើងពីភាពស្រមៃនិងចៃដន្យនោះទេ។ តាមសាវតាកម្ពុជាជាប្រទេសសំបូរត្រីទឹកសាប ដោយសារយើងមានបឹងទន្លេសាបដ៏ធំល្វឹងល្វើយ មានប្រព័ន្ធទន្លេ ព្រែក ស្ទឹង បឹងបួរ និងវាលទំនាប ដែលអនុគ្រោះដល់ការលូតលាស់នៃធនធានមច្ឆជាតិ។ យើងក៏កត់សម្គាល់ឃើញផងដែរថា ប្រជាជនម្នាក់ៗបរិភោគត្រីប្រមាណ៥២គីឡូក្រាមក្នុងមួយឆ្នាំ ដែលផ្ដល់ប្រូតេអ៊ីនប្រមាណ៨១ភាគរយនៃប្រូតេអ៊ីនសាច់ នៃប្រូតេអ៊ីនសាច់ដែលប្រជាជនខ្មែរទូទៅបានទទួលទាន។
ក្រៅពីបានបម្រើសេវាផ្នែកម្ហូបអាហារក្នុងស្រុក យើងក៏បាននាំចេញផលិតផលជនផលទៅកាន់ទីផ្សារបរទេសផងដែរ។ ប្រការនេះអាចវាយតម្លៃបានថា ការអភិវឌ្ឍ និងអភិរក្សធនធានមច្ឆជាតិ មិនត្រឹមតែបានបម្រើដល់សេចក្ដីត្រូវការផ្នែកម្ហូបអាហារ សុខាភាព ថាមពល និងកម្លាំងបញ្ញាញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផ្ដល់ការងារនិងមុខរបរដល់ប្រជាជន។ ក្នុងន័យនេះការអភិវឌ្ឍវិស័យជលផលតាមរយៈ ការរៀបចំស្រះជំរកត្រីសហគម ការដាំព្រៃលិចទឹក និងព្រៃកោងកាង ការរៀបចំកន្លែងអភិរក្សសមុទ្រ ទន្លេ ព្រែក ស្ទឹង បឹងបួរ អោយបានគង់វង្សចៀសផុតការគោករាក់ ការចាក់ដីលុប ការលើកទំនប់ទប់ផ្លូវទឹកហូរ និងការបំផ្លិចបំផ្លាញតាមមធ្យោបាយផ្សេងៗទៀត ដូចជាការបង្ហូរទឹកកខ្វក់ ការចោលសំរាមមានសំណល់រឹងរាវ និងកាកសំណល់មានជាតិពុលជាដើម ពិតជាបានរួមចំណែកដ៏មានតម្លៃសម្រាប់ ការរក្សានឹងការរីកលូតលាស់ នៃធនធានមច្ឆជាតិ ជីវចម្រុះ ចិរភាពបរិស្ថាន ក៏ដូចជាជួយសម្រាល និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ កិច្ចការទាំងអស់នេះ គឺជាការចាំបាច់និងបន្ទាន់ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ ចូលរួមសហការអនុវត្តអោយបានសកម្មខ្លាំងក្លា ប្រកបដោយឆន្ទមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ និងប្រជាជន។ ពិតណាស់ថា ការបំផ្លិចបំផ្លាញមច្ឆជាតិ មានតម្លៃស្មើរនឹងការបំផ្លាញប្រជាជាតិខ្លួនឯង ហេតុដូច្នេះ យើងមិនត្រូវបំផ្លាញខ្លួនឯងអោយក្លាយជាអ្នកទោសប្រវត្តិសាស្ត្រ នៅចំពោះមុខកូនចៅខ្មែរជំនាន់ក្រោយរបស់យើងរាប់ដំណរតទៅមុខនោះឡើយ។
យើងសង្កេតឃើញថា ការប្រែប្រួលអាកាសធាតុ និងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច បានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ស្ថេរភាពនៃជីវចម្រុះ និងធនធានមច្ឆជាតិ ផលប៉ះពាល់ពីសកម្មភាពអានាធិបតេយ្យផ្សេងៗទៀត ក៏ដូចជាធ្វើអោយរិចរិលជំរកត្រី ការលើទំនប់ជីកប្រឡាយ ការបំលែងដីព្រៃលិចទឹកទៅជាដីកសិកម្ម ការលួចកាប់គាស់រុក្ខជាតិលិចទឹក ការដុតព្រៃលិចទឹកធម្មជាតិ និងការធ្វើនេសាទខុសច្បាប់ ។ល។ ក៏ជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់ការរីកលូតលាស់ដល់វិស័យនេះផងដែរ។ តាមរយៈការប្រារព្ធទិវាមច្ឆជាតិ និងការរួបរួមគ្នាជាធ្លុងមួយលើការអភិវឌ្ឍ និងអភិរក្សធនធានមច្ឆជាតិ ប្រកបដោយសារតីយកចិត្តទុកដាក់ខ្ពស់នេះ នឹងធ្វើអោយនឹងធ្វើអោយទឹកដីនៃព្រះរាជជាណាចក្រកម្ពុជា នៅតែជាជង្រុកនៃធនធានមច្ឆជាតិយ៉ាងសំបូរបែបទាំងនៅពេលបច្ចុប្បន្ន និងតទៅអនាគត ដូចដែលកម្ពុជាធ្លាប់មានកាលបីអតីតកាលមកនោះ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *