ព័ត៌មានសន្តិសុខសង្គម

លួចម៉ូតូ១គ្រឿងបានសម្រេចរួចព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ

រាជធានីភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​និង​ម្នាក់​ទៀត​រត់​រួច ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​រួច​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ ព្រមទាំង​ដេញ​តាម​រហូត​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​តាម​ផ្លូវ​ ។ ​ក្រោយ​ពេល​ជន​នេះ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​នោះ បក្ខ​ពួក​ដែល​រត់​រួច​អត់​បានដឹង​ទេ​ព្រោះ​ពេល​គេចខ្លួន​នោះ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ​ខណៈនោះ​នគរបាល​បាន​ប្រើ​ជំនាញ​ឲ្យ​ជន​នេះ​ខ​ល​ទៅ​អន្ទង​ហៅ​និង​ណាត់ជួប​ដើម្បី​ចាប់ខ្លួន​បក្ខពួក​ម្នាក់​នោះ​ទៀត ។ ​ប៉ុន្តែ​នគរបាល​អត់​បានដឹង​ថា​ជនសង្ស័យ​រូប​នេះ​ស្មោះស្ម័គ្រ​ជាមួយ​បក្ខពួក​របស់​ខ្លួន​ខ្លាំង​ណាស់ ដោយ​សុខចិត្ត​ជាប់គុក​តែ​ម្នាក់ឯង​ គឺ​មិន​ឲ្យ​នគរបាល​ចាប់​បក្ខពួក​ខ្លួន​ឡើយ​ ។ ​ជនសង្ស័យ​ខាងលើ​ពុំ​ព្រម​និយាយ​តាម​ការ​បង្គាប់​នោះ​ទេ នៅ​ពេល​ខ​ល​ចូល ​ស្រាប់តែ​និយាយ​ប្រាប់​បក្ខពួក​ថា «​អញ​ត្រូវ​ប៉ូលិស​ចាប់​បាន​ហើយ​»​ ជា​ហេតុ​ធ្វើ​ឲ្យ​​បក្ខពួករូបនោះ​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅ​ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ តាម​ផ្លូវ​លេខ​២១៧​ហៅ​ផ្លូវ​ចំការ​ដូង ​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ខុ​ម ចិន្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​អន្លង់​ភេ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​ នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​ចំនួន​២, សោរ​ខ្សៀ​លេខ​៨​មួយ​ដើម​, ​កូនសោរ​ម៉ូតូ​ចំនួន​៥ ដែល​សម្ភារៈ​ទាំងនេះ​គឺ​ឧបករណ៍​របស់​ជនសង្ស័យ​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ ។

ក្រៅពី​នេះ​ក៏​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​លឿង លា​យស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1FZ-8413 លេខ​តួ​316724 និង​លេខ​ម៉ាស៊ីន​317116 ដែល​ជនសង្ស័យ​លួច​បាន​និង​ជា​កម្មសិទ្ធិរបស់​បុរស​ម្នាក់​ឈ្មោះ សន បារាំង អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់ម៉ូតូ​បាន​ទុក​ម៉ូតូ​១​គ្រឿង​ខាងលើ​នៅ​ខាង​មុខ​ផ្ទះ ដោយ​បាន​ចាក់សោ​រក​ត្រឹមត្រូវ​មិន​ហ៊ាន​ធ្វើ​ស​ប្រហែស​ឡើយ បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ធ្វើ​ការងារ​លក់ដូរ​ជា​ធម្មតា ។​ រហូត​ដល់​ពេល​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក លេខ​ភ្នំពេញ ​1AB-5873 ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​គាត់​ ។ ​បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ខុ​ម ចិន្តា បាន​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ជន​រង​គ្រោះ​ និង​បក្ខពួក​ដែល​ជា​អ្នក​ឌុ​ប​បាន​រង់ចាំ​នៅ​ខាងក្រៅ​។

តាម​ប្រភព​​​ព័ត៌មាន​​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះ​លួច​បាន​ហើយ​ ជន​នេះ​បាន​អូស​បណ្តើរ​ចេញ​ផុត​មុខ​ផ្ទះ​ ទើប​បញ្ឆេះ​ជិះ​គេចខ្លួន​ទៅ​តាម​ផ្លូវ​២១៧​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ប៉ុន្តែ​ខណៈនោះ​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ និង​រត់​ដេញ​តាម​ពីក្រោយ​ ។ ​លុះ​បាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ទើប​មាន​អ្នកដំណើរ​តាម​ផ្លូវបានឃើញ​ហេតុការណ៍​នោះ​បាន​ជួយ​ឌុ​ប​បុរស​ម្ចាស់​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ ហើយ​ស្រែ​កថា «​ចោរ​ៗ»​ ជាប់​មិន​ដាច់​ ។ ​ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​២១៧ នោះ​ស្រាប់​ក៏​បាន​ជួយ​អន្តរាគមន៍ ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ខុ​ម ចិន្តា នោះ​នៅ​ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ​ ​រាជធានីភ្នំពេញ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោ​យ​​ពេល​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ នគរបាល​បាន​សួរនាំ​ពី​ភ​ន​ភាគ​របស់​បក្ខពួក​ពួក​ដែល​កំពុង​រត់គេច​ខ្លួន ប៉ុន្តែ​ជន​នេះ​បាន​កុហក​ពង្វាង​ដាន​មិន​ព្រម​ប្រាប់​ឡើយ ។​ ពេល​នោះ​នគរបាល​បាន​ប្រើ​ល្បិច​ឲ្យ​ជន​នេះ​ខ​ល​ទៅ​អន្ទង​ហៅ​ឬ​ណាត់ជួប​បក្ខពួក​ម្នាក់​នោះ​នៅ​កន្លែង​ណាមួយ​ដើម្បី​ចាប់ខ្លួន ហើយ​ជនសង្ស័យ​នេះ​ក៏​យល់ព្រម​ជួយ​ខ​ល ។​ ប៉ុន្តែ​ពេល​ខ​ល​ចូល​ បែរជា​និយាយ​​ប្រាប់​ឲ្យ​បក្ខពួក​បានដឹង​ថា​ «​អញ​ត្រូវ​ប៉ូលិស​ចាប់​បាន​ហើយ​»​ ទៅ​វិញ ​ទើប​បក្ខពួក​ម្នាក់​នោះ​គេចខ្លួន​បាត់ បន្ទាប់​មក​នគរបាល​បាន​នាំ​ជនសង្ស័យ​ឈ្មោះ​ខុ​ម ចិន្ដា នេះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *