ឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រេីននោះឡេីយ។
ដូច្នេះ ប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ន” នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រេីននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហេីយ។ ត្រូវចងចាំថា “ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ បេីមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គេីន ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ” ។
កាលសង្រ្គាម យេីងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យេីងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យេីង យេីងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យេីង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហេីយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា។