ព័ត៌មាន

អភិបាលរាជធានី ៖ បើប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅតែល្មើសបំពានវិធានរបស់ក្រសួងសុខាភិបាល នឹងយកអ្នកដែលល្មើសទៅធ្វើចត្តាឡីស័កនៅទីតាំងខាងក្រៅ

ភ្នំពេញ: លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស បំពានទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកអ្នកដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័កនៅទីតាំងខាងក្រៅ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ។
ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។
អភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយអោយអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់ សួរនាំរកឯកសារច្រើនពេកនោះទេ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ការចេញចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញចូលរាជធានីចំនួន៩ទីតាំង និងចំនួន២៨ទៀតនៅកណ្តាលក្រុងសរុបទាំងអស់ចំនួន៣៧ទីតាំង ដែលគណៈបញ្ជាការឯកភាពនិងកងកម្លាំងប្រដាប់អាវុធបានដាក់ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរដូចជាកម្លាំងពាក់ព័ន្ធត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើសនិងខ្វះនោះទេ ។ ចំពោះការដឹកទំនិញដែលឃើញថា ជាគ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យត្រូវបើកផ្លូវអោយគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ ដែលបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែនជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។
adm

Leave a Reply

Your email address will not be published. Required fields are marked *