ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចង់បានសន្តិភាពនិងការអភិវឌ្ឍ

នៅទីក្រុងហ្សាការតា តាំងពីម្សិលមិញមក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាសុីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២ សីហា មក ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់និងពិភពលោក។

តាមរយៈការសំណេះសំណាលកាលពីម្សិលមិញនិងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេសុី ជាមួយសមភាគីឡាវនិងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានកាលពីម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ក្នុងន័យបញ្ជាក់ឡើងវិញនិងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង(សង្គ្រាមនៅអ៊ុយក្រែន) និង នៅក្នុងបរិបទតំបន់មួយប្រកបដោយគ្រោះថ្នាក់(ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាសុី-ប៉ាសុីហ្វិក) សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេសទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។

ដោយឡែក ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅ ហ្សាការតាប្រទេសឥណ្ឌូណេសុី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បាន ទីមួយ. ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងលើគោលការណ៍ មិនជ្រៀតជ្រែក។ ទីពីរ. សម្តេច ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥) ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហរណកម្មតំបន់ និងតាមរយៈការពង្រីកសមាហរណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *