ភ្នំពេញ៖ បុរស២នាក់បាននាំគ្នាអង្គុយផឹកស្រាបៀរ ហើយពេលស្រវឹងស្រឿងៗក៏កេីតជាទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ភាគីម្ខាងស្ទុះទៅវាយភាគីម្ខាងទៀតបណ្តាលឱ្យដួលបោកក្បាលនឹងឥដ្ឋរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនដៃដល់ឈ្មោះអ៉ឹត វ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះឌុច ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកេីតហេតុជនរងគ្រោះនិងជនដៃដល់បាននាំគ្នាទិញស្រាបៀរមកអង្គុយផឹកតែពីរនាក់នៅផ្ទះជនរងគ្រោះហើយពេលផឹកស្រវឹងស្រឿងៗរៀងខ្លួនស្រាប់តែទាស់ពាក្យសម្តីគ្នាធ្វេីឱ្យភាគីខាងជនដៃដល់ទ្រាំលែងបានក៏ស្ទុះទៅវាយធ្វេីឱ្យជនរងគ្រោះដួលបោកក្បាលនឹងឥដ្ឋរងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមភ្លាមៗផងដែរ ចំណែកជនដៃដល់ត្រូវបានកូនជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។ លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។ លោកបានបន្ថែមថា ក្រៅពីបង្រៀនសិស្សតូចៗ លោកនឹងហ្វឹកហាត់បង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគេអាចយកចំណេះដឹងផ្នែកឌីជីថលនេះ ទៅបង្រៀនបន្តដល់កូនសិស្ស នៅពេលដែលលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ។
ភ្នំពេញៈ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីដប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។