ព័ត៌មានសន្តិសុខសង្គម

គ្រឿងសម្អាងឈ្មោះ “សាប៊ូ លម្អងក្បាលល្មៀតខ្មែរ” របស់ ឈ្មោះ វ៉ាន់ ឈុនឡេង ហៅពូឈឹម មានផ្ទុកសារធាតុគីមី(បារត) ប៉ះពាល់ដល់អ្នកប្រើប្រាស់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ មេសា ២០២២ បានចេញសេក្តីប្រកាសហាមឃាត់ការចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ របស់ឈ្មោះ វ៉ាន់ ឈុនឡេង ដែលគេនិយមហៅថា«ពូឈឹម» គ្មានលេខប្រវេទន៍ និងគ្មានកាទទួលស្គាល់ពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាព ដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា គ្រឿងសម្អាងឈ្មោះ “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ (ខេមបូឌា) ឯ.ក មានផ្ទុកសារធាតុគីមីបារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់ ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល ។
ដូច្នេះ ប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវ គឺមាន២ ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល ជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ ។
ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” ទាំងអស់ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល ។
ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិតផលនេះ នៅលើទីផ្សារជាបន្តទៀត និងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះបុគ្គលណា ដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ។
សូមរម្លឹកឡើងវិញថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្គេត និងបង្ក្រាបការផ្សព្វផ្សាយ និងការលក់ផលិតផលក្លែងក្លាយ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ ( គ.ប.ផ.ក ) បានបើកការចុះឆែកឆេរ និងពិនិត្យទីតាំងលក់ឱសថបុរាណមួយកន្លែង ដែលមានយីហោ «ភ្នំទ្រទ្រង់ ( ខេមបូឌា ) ឯ.ក» ស្ថិតនៅចំណុចផ្ទះលេខ២A តាមបណ្តោយផ្លូវលេខ៥៣BT ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយសង្ស័យថា មានការកៃច្នៃ និងលក់ផលិតផលគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។
ការចុះឆែកឆេរទីតាំងខាងលើនេះ ធ្វើឡើងតាមដីកាអនុញ្ញាតិអោយឆែកឆេររបស់ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោមការដឹកនាំចុះផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.គ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ដោយលោកប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
ជាលទ្ធផលនៃការចុះឆែកឆេរនេះ សមត្ថកិច្ចបានពិនិត្យរកឃើញថា ៖ ទីតាំងខាងលើ មានលិខិតអនុញ្ញាតិតែអគារឱសថបុរាណភ្នំទ្រទ្រង់ ក្រៅពីនោះគឺគ្មានឡើយ ។ ហើយក្នុងនោះ ការស្តុកទុកលក់ និងចែកចាយផលិតផលគ្រឿងសម្អាង សាប៊ូលម្អងក្បាលល្មៀតខ្មែរ ភ្នំទ្រទ្រង់ Skin Care P. .C ម៉ាស់អប់សក់ក្រូចសើចខ្មែរ ស្ក្រាប់អប់ស្បែកបុរាណខ្មែរ ម៉ាស់អប់មុខសណ្តែកបុរាណខ្មែរ គឺគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ។ បន្ថែមពីនោះ ការច្នៃផលិតផលគ្រឿងសម្អាង សាប៊ូលម្អងក្បាលល្មៀតខ្មែរ ភ្នំទ្រទ្រង់ Skin Care P. .C ម៉ាស់អប់សក់ក្រូចសើចខ្មែរ ស្ក្រាប់អប់ស្បែកបុរាណខ្មែរ ម៉ាស់អប់មុខសណ្តែកបុរាណខ្មែរដដែល ក៏ពុំមានលិខិតអនុញ្ញាតិពីក្រសួងត្រឹមត្រូវឡើយ ។
ក្រោយការពិនិត្យរកឃើញថា មិនលិខិតអនុញ្ញាតិត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ សមត្ថកិច្ចក៏បានសម្រេចអោយម្ចាស់ទីតាំង ចូលខ្លួនទៅបំភ្លឺចំពោះមុខសមត្ថកិច្ច គ.ប.ផ.ក នៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃខែដដែលផងដែរ ដោយម្ចាស់ទីតាំងខាងលើនេះ មានឈ្មោះ វ៉ាន់ ឈុនឡេង ដែលគេនិយមហៅ«ពូឈឹម» ភេទប្រុស អាយុ៤០ឆ្នាំ ។

សូមបញ្ជាក់ថា ក្នុងការចុះឆែកឆេរពិនិត្យខាងលើនេះ កម្លាំងសមត្ថកិច្ចបានពិនិត្យលើផលិតផលគ្រឿងសម្អាង និងម៉ាស៊ីសម្រាប់ផលិត សរុបចំនួន៣៤មុខ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតផលិតផលដែលជាគ្រឿងសម្អាង ក្នុងមួយមុខបន្តិចៗ ដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធន៍អោយបានច្បាស់លាស់ថា តើគុណភាពផលិតផលទាំងនោះ មានការប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋដែលប្រើប្រាស់ឬទេ ? ទន្ទឹមនឹងនោះដែរ ចំពោះផលិតផល ដែលនៅសេសសល់ សមត្ថកិច្ចសម្រេចចាក់សោឃ្លុំប៉េទុកនៅក្នុងបន្ទប់ធំមួយ នៅក្នុងទីតាំងខាងលើ ជាបណ្តោះអាសន្នសិនផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *