ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃអង្គារទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី-ខេត្ត អភិបាលស្ដីទីខេត្តស្រះកែវ ប្រទេសថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើមឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្ចើសេចក្តីរាយការណ៍សង្ខេបថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។
លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា ទន្ទឹមគ្នានេះក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញនិងមកដល់ចំនួន២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ តម្លើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។ ឯកឧត្តមបន្ថែមសមិទ្ធផលនេះនឹងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវជាតិ អន្តរជាតិ បង្ការទប់ស្កាត់បទល្មើសឆ្លងដែន ឆ្លើយបតាមសំណូមពរ និងស្ថានភាពជាក់ស្ដែងរបស់មន្រ្តីជំនាញ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងសកម្មជាមួយក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជម្នះការលំបាកផ្សេងៗរហូតធ្វើឱ្យសម្រេចបានសមិទ្ធដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។
សម្ដេចក្រឡាហោម បានរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែតនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។ សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងប៉ោយប៉ែត។
សម្ដេចបានគូសបញ្ជាក់ថាច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដល់សេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍គូសបញ្ជាក់ជាថ្មីទៀត អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងក៏ជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការជំរុញ និងលើកកម្ពស់ការបង្ខិតរដ្ឋបាលឱ្យនៅជាប់ប្រជាពលរដ្ឋ ដើម្បីយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ឈានទៅកាត់បន្ថយភាពក្រីក្រ ដែលជាការប្ដេជ្ញាចិត្ត និងជាឆន្ទៈនយោបាយដ៏មុះមុតរបស់រាជរដ្ឋាភិបាល៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
adm

Leave a Reply

Your email address will not be published. Required fields are marked *