ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងស្ថាប័ន តាមដានមើលខំមិនក្នុងផេកហ្វេសប៊ុករបស់សម្តេចដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវតាមដាននូវរាល់ការខំមិនរបស់ប្រជាពលរដ្ឋមកក្នុងផេកហ្វេសប៊ុករបស់សម្តេច ដើម្បីដឹងពីបញ្ហាទុក្ខកង្វល់ និងធ្វើការដោះស្រាយទុក្ខកង្វល់របស់ពួកគាត់ភ្លាមៗ។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ

បានចូលមកខំមិនក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចសួរនាំរឿងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាជ្ញាធរបានទាមទាររកឯកសារផ្សេងៗដើម្បីបានចាក់វ៉ាក់សាំង។

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ទោះបីថ្ងៃនេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក៏ដោយ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួននៅមានចម្ងល់ ហើយបានចូលមកខំមិនក្នុងផេកហ្វេសប៊ុករបស់សម្តេច ដោយលើកឡើងពីបញ្ហាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង។ សម្តេចតេជោបញ្ជាក់ថា បើសម្តេចឆ្លើយតបបែបនេះ ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។ សម្តេចថា បើមានពេលវេលា សម្តេចនឹងធ្វើការឆ្លើយទៅកាន់ប្រជាពលរដ្ឋផ្ទាល់តែម្តង។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *