ព័ត៌មាន

កូនឈើចម្រុះច្រើនប្រភេទជាង៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយសមាគមទេសចរណ៍កម្ពុជា យកមកដាំតាមដងស្ទឹងសៀមរាប

ភ្នំពេញ: អាជ្ញាធរជាតិអប្សរា សហការជាមួយសមាគមទេសចរណ៍កម្ពុជា (Cata) កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ រួមគ្នាដាំកូនឈើចម្រុះច្រើនប្រភេទប្រមាណជា៥០០ដើមនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ក្នុងគោលបំណង យើងទាំងអស់គ្នារួមគ្នាថែរក្សាទេសចរណ៍វប្បធម៌ និង ផ្សព្វផ្សាយទិសដៅទេសចរណ៍បៃតង ក្រោមប្រធានបទ៖ វប្បធម៌ និងបរិស្ថានបៃតង ដែលជាសម្បត្តិបេតិកភ័ណ្ឌដ៏អស្ចារ្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធ៌មប្រវត្តិសាស្ត្រ និង ធម្មជាតិ ដោយសារតែខេត្តនេះសម្បូរទៅដោយប្រាង្គប្រាសាទបុរាណដែលជាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកមកដល់បច្ចុប្បន្ន ជាគោលដៅទេសចរណ៍ធំបំផុតរបស់កម្ពុជា ដែលមានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ មុនព្រឹត្តិការណ៍ នៃការឆ្លងរាលត្បាតជាសកលជំងឺកូវីដ-១៩ នាចុងឆ្នាំ២០១៩។ ដូច្នេះការរៀបចំព្រឹត្តិការណ៍ដាំដើមឈើនៅតាមដងស្ទឹងសៀមរាបនាពេលនេះ ពិតជាមានសារ:ប្រយោជន៍សំខាន់ខ្លាំងណាស់ និងជាការរួមចំណែកក្នុងការលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ហើយជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានចាត់ទុក វិស័យទេសចរណ៍កម្ពុជា វិស័យអាទិភាពមួយជា “មាសបៃតង” សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ទៀតថា ប្រការសំខាន់ទៀតនោះ ការដាំដើមឈើនេះ បានឆ្លុះបង្ហាញឲ្យឃើញថា នៅក្នុងវិស័យទេសចរណ៍ មិនត្រឹមតែផ្តោតទៅលើសម្បត្តិវប្បធម៌ប្រាង្គប្រាសាទសិលាតែមួយមុខនោះទ តែក៏ត្រូវមានការចូលរួមចំណែកពីសម្បត្តិធម្មជាតិស្រស់បំព្រងជាមួយគ្នាផងដែរ ព្រោះថាដើមឈើក្រៅពីមានតួនាទីយ៉ាងសំខាន់សម្រាប់ភាវ:រស់ វាក៏ដើរតួយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ចវិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងរបស់សង្គម និងប្រទេសកម្ពុជាឲ្យកាន់តែមានសោភ័ណភាពល្អស្រស់បំព្រងទៀតផង។ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និងការពារព្រៃឈើនៅកម្ពុជា ឲ្យបានគង់វង្សយូរអង្វែង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងនូវការកោតសរសើរ ចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមដាំកូនឈើនៅតាមដងស្ទឹងសៀមរាបនាពេលនេះ ដែលបានបង្ហាញឲ្យឃើញថា ជាការចូលរួមគិតគូរបរិស្ថាន និងថែរក្សាព្រៃឈើ ពីព្រោះថាព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការ នៃប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រូបយកជាតិពុលពីបរិយាកាសជាដើម ពិសេសបានផ្តល់នូវផល អនុផលព្រៃឈើជាច្រើន ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងសត្វផងដែរ ។
លោក ឡុង កុសល មានប្រសាសន៍ទៀតថា ក្រៅពីការងារអភិរក្ស និងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់ចែកជូនសាធារណ:គ្រប់មជ្ឈដ្ឋានយកទៅដាំតាមអង្គភាព មន្ទីរ វត្តអារាមនានា ដោយឥតគិតថ្លៃ។ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមក្នុងការថែរក្សាការពារព្រៃឈើ និង ការដាំកូនឈើឡើងវិញ ដើមី្បធ្វើឲ្យបរិយាកាសបរិស្ថាន កាន់តែល្អប្រសើរឡើង និងសូមលើកទឹកចិត្តដល់គ្រប់ផ្នែកគ្រប់វិស័យ ចូលរួមដាំកូនឈើបន្តទៀត ក្រោមទិសស្លោក បរិស្ថានផ្សារភ្ជាប់ជាមួយទេសចរណ៍ និងបរិស្ថានដើមី្បយើងទាំងអស់គ្នា។
គួររំលឹកថា គិតចាប់ពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរា បានចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដឹកនាំការដាំកូនឈើបានប្រមាណជា២លានដើម ក្នុងនោះមានទាំងប្រភេទឈើប្រណិត ប្រភេទឈើទាល ប្រភេទឈើប្រពៃណី មានត្នោត អំពិល ស្តៅ រាំង ជាដើម ៕ អត្ថបទ និងរូបភាព ៖ លោក យូ វង្ស កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។
adm

Leave a Reply

Your email address will not be published. Required fields are marked *