ខេត្តកណ្តាល ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងនគរបាលខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពស្រុកលើកដែក មានអភិបាលរងស្រុក ការិយាល័យសុខាភិបាលស្រុក មេឃុំមេភូមិ នគរបាល អាវុធហត្ថ ប្រជាការពារភូមិដឹកនាំដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានចុះបង្ក្រាបទីតាំងស្តុកទុកលក់និងចែកចាយនូវអាល់កុលនិងម៉ាស របស់ជនជាតិវៀតណាមនិងខ្មែរចំនួន១០កន្លែង ដែលសង្ស័យគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខា ភិបាល ។
ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅភូមិស្ពានដែក និងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ក្នុងនោះនៅភូមិស្ពានដែក មាន៧ទីតាំង ៖
១-ផ្ទះឈ្មោះ ដង ធីសឿង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ដកហូតអាល់កុល៦៩ប៊ីដុង និងម៉ាស២១២កេស ។ ២-ផ្ទះឈ្មោះ ង្វៀន ធីជាង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ដកហូតអាល់កុល២,៥ប៊ីដុង និង១០៨ដប(ចំណុះ៥០០មីល្លីលីត្រ/ដប) ម៉ាស៦កេសនិង២៧៨ប្រអប់ ។ ៣-ផ្ទះឈ្មោះ ដាំង យ៉ាំងង្វៀង ភេទប្រុសអាយុ៥០ឆ្នាំ ជនជាតិវៀតណាម ដកហូត អាល់កុល៣៦០ដប(ចំណុះ៥០០មីល្លីលីត្រ/ដប) និងម៉ាស៨កេស ។ ៤-ឈ្មោះ ជួន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ដកហូតម៉ាស១២កេស និង២៥៥០ប្រអប់ ។ ៥-ឈ្មោះ ង្វៀន យុាំងមុាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម ដកហូតអាល់កុល១៧ប៊ីដុង ។
៦-ផ្ទះឈ្មោះ ង្វៀន យុាំងជាំង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ដកហូតម៉ាស៧កេស ។ ៧-ផ្ទះឈ្មោះ ង្វៀន ធីហាន់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ដកហូតអាល់កុល៥៦ប៊ីដុង ម៉ាស៣៩កេស និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណទឹកប៊ិក ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ ១GC-០០១២ ។
ចំណែកនៅភូមិកំពង់ចម្លង មាន៣ទីតាំង ៖ ១-ផ្ទះឈ្មោះ សុង ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម ដកហូតម៉ាស៧០កេស។២-ផ្ទះឈ្មោះ ង្វៀន ធីថាំង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម ដកហូតម៉ាស២០កេស ។ ៣-ផ្ទះឈ្មោះ លី ណារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម ដកហូតម៉ាស២២កេស ។
សរុបការដកហូតវត្ថុតាងទាំង១០ទីតាំងរួមមាន អាល់កុលចំនួន១៤៤,៥ប៊ីដុង និង៤៦៨ដប និងម៉ាសចំនួន៣៩៦កេស និង២.៨២៨ប្រអប់ ។ វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅសាលាស្រុកលើកដែក ដើម្បីបន្តនីតិវិធី ។
ខណៈបង្ក្រាបនោះ ម្ចាស់អាល់កុលនិងម៉ាសទាំងនោះបានអះអាងប្រាប់សមត្ថកិច្ចថា អាល់កុលនិងម៉ាសទាំងនេះ គឺពួកគេទិញមកពីក្រុមហ៊ុនមួយមិនដឹងឈ្មោះនៅរាជធានីភ្នំពេញ មានក្រដាសបង់ពន្ធបញ្ជាក់ពីមន្ត្រីគយត្រឹមត្រូវ ។ ប៉ុន្តែនៅពេលសមត្ថកិច្ចសួរនាំសុំពិនិត្យមើលទំនិញទាំងនោះ គឺពុំមានលិខិតស្នាមអ្វីទាំងអស់ ដោយខ្លះប្រាប់ថាក្រដាសបង់ពន្ធនៅភ្នំពេញ ។ ទោះជាយ៉ាងណា បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនិងប្រជាពលរដ្ឋបានខ្សឹបប្រាប់អ្នកយកព័ត៌មានថា អាល់កុលនិងម៉ាសរបស់ឈ្មួញជនជាតិវៀតណាមនិងខ្មែរទាំងនេះ មិនមែនយកមកពីភ្នំពេញទេ គឺនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិក្អមសំណ។
ការនាំចូលទំនិញគ្រប់ប្រភេទទាំងតាមផ្លូវទឹកនិងផ្លូវគោកតាមច្រកទ្វារអន្តរជាតិក្អមសំណនេះ គឺសុទ្ធតែមានអ្នករត់ការជាមុន ដោយខ្លះបង់ពន្ធមិនគ្រប់ និងខ្លះអត់បង់ពន្ធក៏មានដែរ ។ ការនាំចូលទំនិញគ្មានការត្រួតពិនិត្យនូវសារធាតុគីមីឱ្យបានល្អិតល្អន់បែបនេះ អាចនឹងប្រឈមនាំឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនាំឱ្យបាត់បង់នូវចំណូលរដ្ឋទៀតផង ។
បើតាមការសង្ស័យអ្នកខ្លះនិយាយថា មិនមែនជាអាល់កុលសុទ្ធទេ គឺមានមេតាណុលលាយ រួចច្រកដាក់ដបនិងបិទស្លាកសញ្ញាសុខាភិបាលដោយខ្លួនឯង ។
បើតាមអាជ្ញាធរមានសមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានថា វត្ថុតាងដែលដកហូតនេះយកទៅរក្សាទុកនៅសាលាស្រុកលើកដែកជាបណ្តោះអាសន្ន តែសម្រាប់ម៉ាសបើម្ចាស់មានឯកសារបង់ពន្ធត្រឹមត្រូវស្របតាមច្បាប់ យើងនឹងប្រគល់ជូនវិញ ។ ចំណែកអាល់កុលដាច់ខាតមិនប្រគល់ឱ្យទេ នឹងបញ្ជូនយកទៅពិនិត្យនៅមន្ទីរពិសោធន៍ បើសិនរកឃើញមានលាយសារធាតុគីមីពិតមែនម្ចាស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕