ព័ត៌មាន

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកមកដល់កម្ពុជា

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបានបញ្ជាទិញពីប្រទេសចិនបានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២២កក្កដានេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឲ្យដឹងថា នៅក្នុងសីហា និងខែកញ្ញា ឆ្នាំ២០២១ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥លានដូសបន្ថែមទៀត ក្នុងនោះខែសីហាមកដល់ ៣លានដូស និងខែកញ្ញាមកដល់ ២លានដូស។
លោកជំទាវរដ្ឋលេខាធិការ ឲ្យដឹងទៀតថា ក្នុងចំណោមវ៉ាក់សាំង ៥លានដូសនោះ គឺសម្រាប់ចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២-១៧ ឆ្នាំ និងចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅផងដែរ។
ទោះយ៉ាងណាលោកជំទាវថា កាលបរិច្ឆេទការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២-១៧ឆ្នាំ នៅមិនទាន់កំណត់នៅឡើយទេ ដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កំពុងរៀបចំផែនការលម្អិត។
លោកជំទាវ យក់ សម្បត្តិ បានលើកឡើងថា ត្បិតកម្ពុជានាពេលបច្ចុប្បន្នកំពុងសម្រុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអត្រាឆ្លងរីករាលដាលជំងឺនេះ នៅតែបន្តមាន ប្រសិនបើគ្មានការចូលរួមពីសហគមន៍ក្នុងការទប់ស្កាត់ទេនោះ។
គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់៕
adm

Leave a Reply

Your email address will not be published. Required fields are marked *