ព័ត៌មាន

លោក ជិន ម៉ាលីន៖ ការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ទប់ស្កាត់កូវីដ គ្មានការរំលោភសិទ្ធិឯកជនឡើយ

អ្នកជំនាញ សិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិចំនួន២រូប បានផ្ញើរលិខិតមួយច្បាប់ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអភិវឌ្ឍប្រព័ន្ធQR Code ដែលមានឈ្មោះថា «បញ្ឈប់ជម្ងឺកូវីដ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។ អ្នកជំនាញទាំង២រូបបានសម្តែងកង្វល់ថា ប្រព័ន្ធ QR Code អាចនឹងរំលោភលើសិទ្ធិឯកជន និងសុខភាព ព្រោះថាសេចក្ដីប្រកាសនេះ មិនបង្ហាញយុទត្តិកម្មស្របច្បាប់ ឬនិយាយ លម្អិតអំពីវិធានការណ៍ទាំងឡាយណាដែល មានស្រាប់ដើម្បីការពារឯកជនភាព និងទិន្នន័យរបស់បុគ្គលឡើយ។
ទោះយ៉ាងណា ឆ្លើយតបចំពោះការលើកឡើងដោយចោទប្រកាន់បែបនេះ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថាការលើកឡើងបែបនេះ មិនត្រឹមត្រូវនោះទេ។ មិនត្រឹមត្រូវ ដោយលោកថា ប្រហែលជាមន្ត្រីជំនាញសិទ្ធិមនុស្សUNពីរនាក់នេះ អាចមិនយល់ច្បាស់ពីលក្ខខណ្ឌនៃការប្រើប្រាស់ QR Code ដើម្បីទប់ស្កាត់ករណីឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ បើតាមលោក ជិន ម៉ាលីន ករណីនេះ មិនមែនជាការរំលោភសិទ្ធិឯកជនទេ ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ QR Code នេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ ហើយជាការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលវិធានការនេះ គឺដាក់ឱ្យប្រើប្រាស់បណ្ដោះ អាសន្នតែប៉ុណ្តោះ។
គួររំលឹកថា ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”។ តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *