រាជធានីភ្នំពេញ ៖ ដើម្បីចៀសវាងការឃាត់សួរតាមដងផ្លូវអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធបានចុះបញ្ជីរួចរាល់ត្រូវប្រញាប់រួសរាន់ចូលបង់ពន្ធ ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា បន្ទាប់ពីការសម្រេចដ៏របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការអនុញ្ញាតឲ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ដោយពុំតម្រូវឱ្យកែចង្កូត, ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបានយករថយន្តគ្មានពន្ធរបស់ខ្លួនមកបង់ពន្ធ និងអាករ ឬចុះបញ្ជីជាបន្តបន្ទាប់ នៅតាមបណ្តាអង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធ ។
បន្ទាប់ពីបានបិទបញ្ចប់ជាស្ថាពរនូវការអនុញ្ញាតឱ្យចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលម្ចាស់បានយកមកចុះបញ្ជីរួចត្រូវបាន ទុកពេលវេ លារហូតដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានរួចរាល់ ។
ក្នុងសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានគយ បានបញ្ជាក់ទៀតថា «សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានចុះបញ្ជីរួចតែមិនទាន់បានបង់ពន្ធ និងអាករត្រូវរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករលើរថយន្តរបស់ខ្លួនឱ្យបានឆាប់ ដើម្បីចៀសវាងការឃាត់សួរដោយមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចជាយថា ហេតុពេលកំពុងចរាចរតាមដងផ្លូវដែលអាចបង្កជាការរំខាននានា ហើយក៏ដើម្បីចៀសវាងការភ្លេច ឬខកខានមកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមកាលកំណត់ ដែលអាចបណ្ដាលឱ្យទទួលរងនូវវិធានការនានាជាបន្តបន្ទាប់»។
ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ ក៏កំពុងចាត់វិធានការចុះបង្ក្រាបរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសនៅសេសសល់ ដែលម្ចាស់មិនបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬចុះបញ្ជីក្នុ ងរយៈពេលដែលបានអនុញ្ញាតកន្លងមក ហើយរថយន្តចង្កូតស្តាំ ដែលបង្ក្រាបបាន ជាមុខសញ្ញានៃការរឹបអូសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕