ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន​ គាំទ្រ ក្រោយមន្ទីរពហុព្យាបាល ម្លិះដង្កោ បានបំពាននឹងគោលការណ៍របស់ក្រសួងដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលខុសច្បាប់ហើយយកថ្លៃព្យាបាលហួសហេតុពេកត្រូវបាន ក្រសួងសុខាភិបាលធ្វើការផាកពិន័យ ព្រមានដកហូតអាជ្ញាបណ្ណ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៅរសៀលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថា៖ «នៅទីបំផុត យុត្តិធម៌ចំពោះគ្រួសារប្រជាជនក្រីក្រ គឺកើតមាន» ។

លោកឧត្តមសសេនីយ៍ទោ ឈឿន ប៊ុនឆន លើកឡើងបែបនេះ គឺក្រោយពេលដែលក្រសួងសុខាភិបាល បានធ្វើការផាកពិន័យ មន្ទីរពហុព្យាបាល ម្លិះដង្កោ និងព្រមានដកហូតអាជ្ញាបណ្ណផងដែរ ក្រោយមន្ទីរពហុព្យាបាលមួយនេះ បានបំពាននឹងគោលការណ៍របស់ក្រសួងសុខាភិបាល ដោយបានយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ។

លោក ឈឿន ប៊ុនឆន បានលើកឡើងបន្ថែមទៀតថា៖ «មិនមែនរឿងយកឈ្នះ ឬ ចាញ់ឡើយ ប៉ុន្តែអ្នកបង្កើតទង្វើខុសត្រូវតែទទួលខុសត្រូវ ហើយខ្ញុំក៏សូមលើកដៃអង្វរសុំមន្ទីរព្យាបាលឯកជនទាំងឡាយផ្សេងៗ ប្តូរឥរិយាបទ និងសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផង ។ ប្រជាជន រួមទាំងខ្ញុំផង ពេលឈឺ គឺគ្មានអ្វីពឹងពរក្រៅពីគ្រូពេទ្យ និងមន្ទីរពេទ្យនេះហើយ ចុះបើពេទ្យនាំគ្នាបង្កើតសកម្មភាពទុច្ចរិត ពួកខ្ញុំសង្ឃឹមអ្វី» ?

លោកបន្តថា៖ «មានពេទ្យច្រើនណាស់លះបង់ដើម្បីសង្គមជាតិ និងប្រជាជន ប៉ុន្តែក៏មានពេទ្យចង្រៃៗខ្លះដែរដែលទាញឱ្យត្រីមួយស្អុយសោះនាំត្រីស្អុយទាំងពាង ។ ដោយឡែកក្រសួងសុខាភិបាលនេះហើយជាអ្នកឃុំគ្រងអភិបាលកិច្ចកែតំរង់ផ្លូវឱ្យមន្ទីរពេទ្យទាំងឡាយរត់ត្រង់ផ្លូវ ។ ខ្មែររួបរួមខ្មែរខ្លាំង! ទាំងខ្ញុំទាំងគេ គ្មានចង់សោះឡើយហោះទៅព្យាបាលនៅបរទេស ។ ខ្ញុំសុខចិត្តឱ្យអ្នកស្អប់ខ្ញុំ តែខ្ញុំមិនព្រមបើកភ្នែកឃើញហើយឮហើយ តែធ្វើជាគជាខ្វាក់ឡើយ» ។

សូមជម្រាបថា លោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដែលជាម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ខាងលើ ត្រូវបានក្រសួងសុខាភិបាល ព្រមាន ផាកពិន័យ និងណែនាំដូចខាងក្រោម៖

១-ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដង ផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថៃ្ងណែនាំនេះតទៅ ។

២-ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ចំពោះកំហុសឆ្គងដែលមាន ។

៣-ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ។

៤-ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល ។

៥-ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្ល៉េះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ទីរពហុព្យាបាលម្លិះដង្កោ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម Facebook ក្រោយដឹកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅកន្លែងរបស់ខ្លួន ហើយយកថ្លៃព្យាបាលហួសហេតុ ៕

image

adm

Leave a Reply

Your email address will not be published. Required fields are marked *