ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

លោក ជា ច័ន្ទបរិបូរណ៍ ថា មិនគួរមានការតឹងតែងចំពោះការថតរូបនៅតំបន់ប្រវត្តិសាស្ត្រទេ

រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា មិនគួរមានការតឹងតែងក្នុងការថតរបស់មហាជននៅតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬតំបន់ធម្មជាតិឡើយ ព្រោះ នេះជាការផ្សព្វផ្សាយយ៉ាងទូលំលាយពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ លោកបានលើកឡើងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីកញ្ញា ពេជ្រ ចរណៃ អ្នកស្រឡាញ់ និងអភិរក្សល្បុក្កតោខ្មែរមួយរូប បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនពីភាពលំបាកក្នុងការសុំអនុញ្ញាតពីអាជ្ញាធរ សម្រាប់ថតរូបបង្ហាញពីក្បាច់គុនខ្មែរ ជាមួយប្រាសាទអង្គរវត្ តដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់។

នៅក្នុងសំណេរនោះ កញ្ញា បន្តថា រាល់ការថតពីក្បាច់គុនខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក គឺសុទ្ធតែជាការចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួនទាំងអស់។ រីឯ កាសុំច្បាប់ថតក្បាច់គុនខ្មែរជាមួយប្រាសាទអង្គរវត្តម្តងៗ គឺពិបាក និងប្រើពេលយូរចំពោះការស្នើសុំថត មិនក្រោម១០ដងនោះទេ ហើយមិនត្រូវបានអនុញ្ញាត សូម្បីតែមួយលើក។

ជុំវិញករណីនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរលើហ្វេសប៊ុកថា៖ “ខ្ញុំយល់ថា មិនគួរតឹងតែងក្នុងការថតតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬធម្មជាតិឡើយ ហើយត្រូវធ្វើការលើកទឹកចិត្ត ដោយផ្តល់ជារង្វាន់ដល់អ្នកផលិតមាតិការទេសចរណ៍ណា ដែលទទួលបានការមើលច្រើនថែមទៀតផង”។ លោកជឿថា ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តតាមរយៈមហាជននេះ គឺធ្វើឱ្យពិភពលោកស្គាល់កម្ពុជា បានច្រើនជាងការជួលឱ្យប្រព័ន្ធផ្សព្វផ្សាយធំៗផ្សព្វផ្សាយថែមទៀត ហើយក៏មិនអស់ប្រាក់នោះដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *