ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ក្រុមហ៊ុនទឹកស្អាតស្រុកស្អាងដោះស្រាយ បន្ទាន់ករណីរកឃើញកំហុសក្រុមហ៊ុន អភិបាលខេត្តកណ្តាលដាក់ឱសានវាទរយៈពេល ២០ ថ្ងៃ ដោះស្រាយមិនបាន នឹងចាត់វិធានការតាមច្បាប់

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានដាក់ឱសានវាទរយៈពេល ២០ ថ្ងៃ ដើម្បីទុកឱកាសឲ្យក្រុមហ៊ុនទឹកស្អាតស្រុកស្អាងដោះស្រាយសម្រួលឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ឡើងវិញ ដោះស្រាយកុំឲ្យទឹកមានកករដី ត្រូវរកឲ្យឃើញបញ្ហាទឹកដាច់ប្រជាពលរដ្ឋមិនមានទឹកប្រើប្រាស់រាប់ខែ បែរជាគីឡូត៍ទឹកកើនឡើងហួសប្រមាណ ។ ក្នុងរយៈពេល ២០ ថ្ងៃ គិតចាប់ពី ថ្ងៃ ៣១ ខែ កក្កដា ដល់ ថ្ងៃទី ១៨ ខែ សីហាឆ្នាំ ២០២២ បើក្រុមហ៊ុននៅតែដោះស្រាយមិនបាន អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នឹងចាត់វិធានការតាមច្បាប់ ។
ការដាក់ឱសានវាទនេះ លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅក្នុងពេលដែលលោកអញ្ជើញចុះជួបប្រជាពលរដ្ឋដែលមានកង្វល់ និងមានបញ្ហាលំបាកក្នុងការប្រើប្រាស់ទឹកដោយបើកវេទិការសាធារណៈរយៈពេល ៤ ម៉ោងចាប់ពីម៉ោង ១១ ថ្ងៃត្រង់ រហូតម៉ោង ៣ រសៀល ហើយរកឃើញថា បញ្ហាទាំងអស់គឺជាកំហុសរបស់ក្រុមហ៊ុន ។ ការចុះជួបដោយផ្ទាល់ និងបានបើកវេទិការសាធារណៈ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹកស្អាតនេះ បើទោះបីប្រជាពលរដ្ឋដាច់បាយហូបតែនំប៉័ងមួយកំណាត់ដោយ ប្រជាពលរដ្ឋកាន់តែសប្បាយរីករាយ និងពេញចិត្តជាខ្លាំង បន្ទាប់ពីពួកគាត់មើលឃើញថា អភិបាលខេត្តកណ្តាលហូបនំប៉័ង ហើយសុខចិត្តស៊ូទ្រាំអង្គុយដោះស្រាយទាំងដាច់បាយថ្ងៃត្រង់ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់បានឡើងបញ្ចេញមតិពីកង្វល់ និងទុក្ខលំបាករបស់ខ្លួនជុំវិញការប្រើប្រាស់ទឹក ។
ទន្ទឹមនឹងការដាក់ឱសានវាទនេះ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានចាត់ឲ្យមេភូមិ មេឃុំ ចៅសង្កាត់ អភិបាលក្រុងតាខ្មៅ អភិបាលស្រុកស្អាង សហការជាមួយខាងក្រុមហ៊ុនទឹកស្អាត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ រយៈពេល ២០ ថ្ងៃធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ។
ក្នុងឱកាសបើកវេទិការសាធារណៈនោះ អភិបាលខេត្តកណ្តាកលោក គង់ សោភ័ណ្ឌ ក៏បានចាត់ឲ្យអភិបាលស្រុក និងអភិបាលក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ កុំធ្វេសប្រហែស កុំមើលរំលង កុំយល់ថា រឿងទឹកស្អាតនេះ ជារឿងតូច រឿងជីវភាពរបស់ប្រជាពលរដ្ឋ គឺជារឿងធំណាស់ ព្រោះវាបានប៉ះពាល់ដល់រឿងសន្តិសុខ និងរឿងអនាម័យរបស់ប្រជាពលរដ្ឋផងដែរ ។ ឈ្លៀតឱកាសនោះ លោក គង់ សោភ័ណ្ឌ ក៏បានរំលឹកដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនត្រូវធ្វេសប្រហែសទេ ។ លោកថា បើចង់ធ្វើអភិបាលស្រុក ចង់ធ្វើមេឃុំ ធ្វើមេប៉ុស្តិ៍ ចង់ធ្វើប្រធានការិល័យ ប្រធានមន្ទីរ ត្រូវចាត់ទុក ទុក្ខកង្វល់ និងសេចក្ដីសុខ សេចក្ដីលំបាករបស់ប្រជាពលរដ្ឋជារឿងធំ ទើបចាំធ្វើ ទើបចង់ធ្វើ កុំគ្រាន់តែចង់ឡើងបុណ្យ ឡើងស័ក្ដិ ឡើងធំ ស្រវ៉ាស្រទេញ គេមិនឲ្យឡើងខឹង ហើយដល់ពេលបានឡើងហើយ ភ្លេចប្រជាជន ភ្លេចទឹក ភ្លេចដី ភ្លេចការលំបាកប្រជាជន កុំឡើង ឡើងល្អជាង ។ ព្រោះអ្នកជាបុគ្គលដែលទទួលខុសត្រូវ ជាបុគ្គលដែលបញ្ជាដឹកនាំចាត់ចែង ជាបុគ្គលដែលត្រួតពិនិត្យលើការងារសព្វសារពើ ដែលប្រជាពលរដ្ឋលំបាកខ្វល់ខ្វាយ ។ ចំណែកសារព័ត៌មាន គឺជាកញ្ចក់ផងដែរ ពេលខ្លះមន្ត្រីរបស់យើង ប្រជាពលរដ្ឋរបស់យើង លោកអត់បានរាយការណ៍ទេ គាត់ចេះតែរំលងទៅ ឬប្រជាជនគាត់ចេះតែយល់យោគយើង គាត់មើលរំលងទៅ ប៉ុន្តែ សារព័ត៌មាន គាត់ទៅមើលឃើញទិដ្ឋភាព គាត់រាយការណ៍ជូនយើង យើងត្រូវឆ្លើយតប យើងត្រូវរួមដោះស្រាយជាមួយគាត់ ហើយគ្រាន់តែដាក់ឲ្យគាត់ធ្វើយកព័ត៌មានឲ្យពិត ការរិះគន់ដើម្បីស្ថាបនា គឺជារឿងត្រឹមត្រូ លើកលែងការរិះគន់នោះជារឿងមិនពិត រិះគន់ដើម្បីបំផ្លិចបំផ្លាញ ទើបជារឿងដែលមិនត្រឹមត្រូវ ។ ចុះបើអ្នកព័ត៌មានគេរាយការណ៍មក លោកថា ព័ត៌មាននេះមិនពិត លោកថាព័ត៌មាននេះ អ្នកណាអ្នកនិយាយ ? គេលែងឲ្យព័ត៌មានហើយ ។ នៅពេលគេលែងឲ្យព័ត៌មាន ប្រជាជនដកសេចក្ដីទុកចិត្តពីយើង ប្រជាជនឈប់គាំទ្រយើង អាហ្នឹងចូលដល់អន្តរាយហើយ ។
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ ក៏បានស្នើឲ្យខាងក្រុមហ៊ុនទឹកស្អាតស្រុកស្អាតផ្លាស់ប្តូររដ្ឋបាល ដោយលោកមានប្រសាសន៍លើកពី ឈ្មោះ ប៉ុម ហាន ដែលប្រជាពលរដ្ឋនិយាយ ជាមេការបណ្តាញទឹកស្អាតស្រុកស្អាងដែលបង្កើនកំហឹង និងបង្កជម្លោះជាមួយប្រជាពលរដ្ឋរហូតផ្ទុះការតវ៉ាបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គមរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រំខានដល់ការងាររបស់ថ្នាក់ដឹកនាំ ហើយប្រជាពលរដ្ឋក៏បានស្នើសុំដល់ថៅកែទឹកស្អាតដកមេការរូបនេះ ហើយដាក់មេការថ្មីនោះ ។
គួររំលឹកថា ក្នុងសកម្មភាពបើកវេទិការសាធារណៈនេះ គេបានសំគាល់ឃើញថា អភិបាលខេត្តកណ្តាលហាក់មានការបារម្ភខ្លាំងពីផលប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដែលអាចប្រឈមបាត់បងជំនឿទុកចិត្តលើអាជ្ញាធរ និងមន្ត្រីជំនាញដែលមិនដោះស្រាយឲ្យច្បាស់លាស់ ដើម្បីបញ្ចប់រឿង ហើយចេះតែបណ្តោយឲ្យរឿងតូចក្លាយជារឿងធំដែលបង្កឡើងដោយក្រុមបណ្តាញទឹកស្អាតដឹកនាំដោយឈ្មោះ ប៉ុម ហាន រូបនេះ ។

image
image

adm

Leave a Reply

Your email address will not be published. Required fields are marked *