ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ប្រវែង​ជាង ១២ គីឡូម៉ែត្រ នៅ​ស្រុក​បាទី ​ ត្រូវបាន​មន្ទីរ​​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ ជួសជុល​កែលម្អ​ឡើងវិញ តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ

​ ​ តាកែវៈ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ប្រភេទ DBST ប្រវែង​ជាង ១២ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ វត្ត​អង្គ​រុន ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ច្បារមន ត្រូវបាន​មន្ទីរ​អភិវឌ្ឍន៍ ជនបទ ខេត្តតាកែវ ធ្វើការ​ជួសជុល និង​កែលម្អ​ឡើងវិញ បន្ទាប់ពី​ទទួលបាន​ការស្នើសុំ ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ ខាងលើ ក្នុងស្រុក​បាទី ខេត្តតាកែវ ស្នើសុំ​ទៅ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ឱ្យមាន​ការជួសជុល ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា ការបញ្ចៀស​នូវ គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​មានការ​ខូចខាត​ជា​ដំណំ និង​កន្លែង​ខ្លះ កៅស៊ូ​ឡើង​ផុស អណ្តែត​ឡើង​ខ្ពស់ ងាយ​នឹង​បង្ករ​គ្រោះថ្នាក់ ដោយសារ​រថយន្ត​ធុន​ធ្ងន់​ធំៗ​ជាច្រើន ដឹក​លើស​ទំងន់ បាន​បើកបរ​លើ​កំណាត់​ផ្លូវ មួយ​ខ្សែ​នេះ ។​

លោក លីវ សំណាង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បាន​ប្រាប់​ឱ្យ​ភ្នាក់ងារ សារព័ត៌មាន រស្មី​កម្ពុជា ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ នេះ​ថាៈ ចំពោះ​ផ្លូវ ដែល​ប្រជាពលរដ្ឋ នៅ​ឃុំ​កុមា​រាជា បានស្នើ​សុំឱ្យ​មានការ​ជួយ ជួសជុល​ផ្លូវ​មួយ​ខ្សែ ខាងលើ ឡើងវិញ​នោះ មកទល់ពេលនេះ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បានដាក់​គ្រឿងចក្រ ចូលធ្វើ​ការជួសជុល លើ​កំណាត់​ផ្លូវ ដែលមាន​ការ​ខូ​ត​ខាត​នោះ បាន​ជាង ៥០% ហើយ និង​បន្ត​ជួសជុល​បន្ថែមទៀត នៅលើ​កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី​នេះ ឱ្យបាន​រួចរាល់ ១០០% ដែលមាន​ប្រវែង​ជាង ១២ គីឡូម៉ែត្រ​នេះ ។​

​លោក​បាន​បន្តថាៈ ការជួសជុល​ផ្លូវ​ខាងលើ គឺមាន​ការជួយជ្រោមជ្រែង និង​ណែនាំ ដោយផ្ទាល់ ពី​សំណាក់​លោក​បណ្ឌិត​សា​ភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ ដោយ​ឱ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត ចុះ​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង លើផ្លូវ​មួយ​ខ្សែ​នេះ ដែល​បងប្អូន​ប្រជាពលរដ្ឋ បានស្នើ​សុំ មកកាន់​អាជ្ញាធរ ក្នុង​គោលបំណង​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ ដើម្បី​សម្រួល​ដល់ ការធ្វើការ​ដំណើរ ដឹកជញ្ជូន​ទំនិញ​កសិផល និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។

​ជាមួយនឹង​ការជួសជុល ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ​ផងដែរ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ ជនបទ ក៏បាន​សំណូមពរ ដល់​លោក​អភិបាលក្រុង ស្រុក​ទាំង ១០ ក្នុង​មូលដ្ឋាន ក្នុង​ខេត្តតាកែវ សូម​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ទប់ស្កាត់​ការដឹកជញ្ជូន​ធ្ងន់ៗ ពី​សំណាក់ ឡាន​ដឹកទំនិញ លើស​ទំងន់ និង​ឡាន​ដឹក​ថ្ម​ធំៗ ដែល​បើកបរ​លើ​កំណាត់​ផ្លូវ​នេះ ឱ្យ​ខាន​តែ​បាន ដើម្បី​រក្សា​ផ្លូវ​មួយ​ខ្សែ​នេះ បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ប្រើប្រាស់​ធ្វើដំណើរ លើផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ ឱ្យបាន​គង់​វង់​យូរអង្វែង ក៏​ប​ន្តែ​បើសិនជា អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ទប់ស្កាត់ លើ​បញ្ហា​រថយន្ត​ដឹក​លើស​ទំងន់​ទាំងនោះ មិន​បានទេ នោះ​ផ្លូវ​កៅស៊ូ​ទាំងនោះ នឹង​វិល​ទៅរក​សភាព​ដើម​វិញ ដោយ​ខូចខាត និង​ពិបាក ក្នុងការ​ធ្វើដំណើរ​ឡើងវិញ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *