ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង៖ ការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ មិនត្រូវបានដកចេញពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឡើយ

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សម្រាប់បញ្ហាគ្រឿងញៀន និងការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ មិនត្រូវបានដកចេញពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពនោះទេ។ រហូតមកដល់ពេលនេះ ការកែសម្រួលថ្មី នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កំពុងរៀបចំជិតរួចរាល់ហើយ ដើម្បីត្រៀមស្នើសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាខ្លះយើងអាចដកចេញ ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីយើងបញ្ចូលបញ្ហាបច្ចុប្បន្នភាព បញ្ហាដែលមានសារៈសំខាន់សម្រាប់បច្ចុប្បន្នភាពចូលវិញ […] ក្នុងនោះបញ្ហាដែលទាក់ទងនឹងការជួញដូរស្ដ្រី អំពើហិង្សា គឺមិនត្រូវបានដកចេញនោះទេ ពោលបញ្ហានៅដដែល តែយើងថែមបញ្ហាសំខាន់ៗ»។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះទាមទារឲ្យទាំងអស់គ្នា បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌និងកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឲ្យប្រជាជន ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួនរហូតដល់ ៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម។

ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងបន្តបោះជំហានទៅមុខលើទិសដៅដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្រ្ត ក្នុងការពង្រឹងស្ថាប័ន និងកិច្ចការពារដល់ប្រជាពលរដ្ឋ ជាពិសេស គឺផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្រ្តី និងកុមារនៅកម្រិតសហគមន៍ដើម្បីធានានូវសិទ្ធិស្មើភាពគ្នារវាងស្រ្តី និងបុរស។

ដោយឡែក ពាក់ព័ន្ធគោលភូមិឃុំ មានសុវត្ថិភាពនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា កន្លងទៅតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព យើងបានឃើញថា យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងដើម្បីអនុវត្តនូវគោលនយោបាយនេះ ហើយមានវឌ្ឍនភាពយ៉ាងល្អ។ ក្នុងរយៈពេល១០ឆ្នាំ តាំងពីឆ្នាំ២០១០-២០២០ គឺលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះ គឺទទួលបានជោគជ័យធំណាស់។

បើតាមសម្ដេចក្រឡាហោម ស ខេង បើទោះបីអនុវត្តបានល្អយ៉ាងក្ដី ក៏នៅមានបញ្ហាខ្លះដែលនៅតែជាបញ្ហា ហើយអាចធំជាងមុនថែមទៀត។ ឧទាហរណ៍បញ្ហាគ្រឿងញៀន ស្ថិតក្នុងកម្មវិធីមួយ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងការអនុវត្តកន្លងទៅ ស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងច្រើន ប៉ុន្ដែដោយសារទីផ្សារគ្រឿងញៀន វារីករាលដាលកាន់តែធំ ចឹងហើយចំនួនចាប់ជនប្រព្រឹត្ដបទល្មើស ឬក៏វត្ថុតាងគ្រឿងញៀន មកផ្ដន្ទាទោសកាន់តែច្រើន តែវាមិនទាន់ធូរស្រាល។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សម្ដេចបានស្នើទៅសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីលើកកម្ពស់កម្រិត នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព មានន័យថា ពីមុនគ្រាន់តែជារបស់ក្រសួងមហាផ្ទៃតែមួយទេ ប៉ុន្ដែពេលនេះ ត្រូវលើកកម្រិតថា មិនមែនជារបស់ក្រសួងណាមួយទៀតទេ គឺជារបស់រាជរដ្ឋាភិបាល ហើយយើងបានពង្រីកខ្លឹមសាររបស់វា ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ហើយនឹងដកចេញនូវចំណុចមួយចំនួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *