ព័ត៌មានសន្តិសុខសង្គម

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បុរសម្នាក់ខឹងអ្នកបន្ទប់ជាប់គ្នាមាត់រញ៉េរញ៉ៃស្ទុះយក​កាំបិតប៉័ងតោ​កា​.​ប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៣​នាក់!

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខឹង​អ្នក​បន្ទប់​ជាប់​គ្នា​ដែល​មាត់​រញ៉េរញ៉ៃ​ក៏​ទៅ​សួរ ស្រាប់តែ​ប៉ះ​ពាក្យ​សំដី​គ្នា​ទៅ​វិញ​ទៅ ធ្វើ​ឱ្យ​បុរស​រូប​នោះ​ខឹង​ក៏​ចូល​ទៅ​យក​កាំបិតប៉័ងតោ​កា​.​ប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៣​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ជា​ម្ចាស់​បន្ទប់​ជួល​កើតហេតុ បាន​នាំ​មិត្ត​ភ័ក្ដិ និង​ប្អូន​ៗ​ធម៌​មក​ផឹកស៊ី​នៅ​បន្ទប់​ជួល ដោយ​មាន​គ្នា​៥​នាក់ ក្នុង​នោះ​រូប​គាត់​ជា​ម្ចាស់​បន្ទប់​ជួល និង​មិត្ត​ភ័ក្ដិ ព្រមទាំង​ប្អូន​ៗ​ធម៌​ចំនួន​៤​នាក់​ទៀត ក្នុង​គោលបំណង​ធ្វើ​ម្ហូប​ផឹកស៊ី ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជុំ​គ្នា​មិត្ត​ភ័ក្តិ និង​ប្អូន​ៗ​ធម៌​ចំនួន​៤​នាក់​នោះ​គឺ​កំពុង​តែ​នាំ​គ្នា​ធ្វើ​ម្ហូប ហើយ​ជជែក​គ្នា​រញ៉េរញ៉ៃ ចំណែក​រូប​គាត់​ជា​ម្ចាស់​បន្ទប់​ក៏​បាន​ចេញ​ទៅ​ក្រៅ​ដើម្បី​រក​ទិញ​គ្រឿង​បន្ថែម តែ​មិន​ទាន់​បាន​ផឹកស៊ី​នោះ​ទេ ស្រាប់តែ​ពេល​នោះ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ បាន​ជជែក​គ្នា​រញ៉េរញ៉ៃ ធ្វើ​ឱ្យ​ជន​បង្ក​ដែល​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​នោះ​បាន​ចេញ​មក​សួរ​ថា «​ម៉ិច​ពួក​ឯង​ជជែក​គ្នា​រញ៉េរញ៉ៃ​ម្ល៉េះ ពួក​ឯង​ក្មេង​ៗ​សោះ មិន​ខ្លាច​គេ​រករឿង​ទេ​អី​» ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ភាគី​ខាង​ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​តបត​សំដី​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​បុរស​ជា​ជន​បង្ក​ខឹង​ក៏​បាន​ទៅ​យក​កាំបិតប៉័ងតោ​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន មក​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៣​នាក់ ចំណែកឯ​ជន​បង្ក​វិញ ក៏​បាន​រត់​ចូល​បន្ទប់​ជួល​របស់​ខ្លួន​រួច​បិទទ្វារ​ជិត​តែ​ម្តង ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ដែល​ត្រូវ​រង​របួសធ្ងន់ ត្រូវ​បាន​មិត្ត​ភ័ក្ដិ​ដឹក​តាម​ម៉ូតូ​យក​ទៅសង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​រូប​គាត់​ជា​ម្ចាស់​បន្ទប់​ជួល​ដែល​ត្រឡប់​មក​ពី​ទិញ​គ្រឿង​វិញ​នោះ ក៏​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​ឱ្យ​ចុះ​មក​ឃាត់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចុះ​មក​ឃាត់ខ្លួន​ជន​បង្ក​យក​មក​សួរនាំ​នោះ ជន​បង្ក​ក៏​បាន សារភាព​ថា «​ខ្លួន​ពិតប្រាកដ​បានកា​.​ប់​ទៅ​លើ​ភាគី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​» បន្ទាប់​មក​ប្រពន្ធ​របស់​ជន​បង្ក​បាន​សុំ​សម្របសម្រួល​បំរុង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ផ្លូវច្បាប់​នៅ​ប៉ុស្តិ៍​នគរបាល តែ​ត្រូវ​ភាគី​ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​ទាមទារ​សំណង​ចំនួន​៥​ពាន់​ដុល្លារ​ជា​ថ្លៃ​ព្យាបាល និង​ថ្លៃ​សង​ជំងឺផ្លូវចិត្ត ប៉ុន្តែ​ប្រពន្ធ​ជន​បង្ក​បាន​សុំ​ដោះស្រាយ​ចំនួន​៥​រយ​ដុល្លារ​វិញ​។

ក្រោយ​ពេល​កើតហេតុ ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ផ្លូវច្បាប់​មិន​ត្រូវ​គ្នា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​បង្ក​យក​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *