ព័ត៌មាន

វិធានការក្តៅ របស់ សម្តេចតេជោ នៅសាលាខេត្តកំពង់ធំ មានកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា!

ខេត្តកំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ មានកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីវិធានការក្តៅ របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់រូប រួមការទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការកាប់ព្រលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាបតំបន់ ៣ និងត្រូវដកហូតមកវិញឲ្យបាននារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំនេះដោយ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងជួបពិភាក្សាការងារ ជាមួយលោកអភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តកំពង់ធំ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននីតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ កំពុងក្នុងដៃចៅក្រមស៊ើបសួរ។

សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន៤០ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែនមាន៣ករណី, ស្រុកបារាយណ៍ មានចំនួន២ករណី, ស្រុកស្ទោងមាន៦ករណី, និងស្រុកកំពង់ស្វាយមាន១៩ករណី ដែលក្នុងនេះនៅ៖ ឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ ឆ្នាំ២០២០មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍។ ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១ ២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *