ព័ត៌មាន

ក្តៅៗ!រដ្ឋបាលរាជធានីភ្នំពេញ រំលឹកជាថ្មីអ្នកជំងឺកូវីដ១៩ ព្យាបាលតាមផ្ទះត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ បើពុំនោះអាចមានទោសពី៥ ទៅ១០ឆ្នាំ…!

ទន្ទឹមនឹងការក្រើនរំលឹកជាថ្មីម្តងទៀតដល់អ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលកំពុងសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការគ្រប់គ្រងសំរាម រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកដែលល្មើសនឹងវិធានការនេះ ដែលអាចមានទោសជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។

​ការក្រើនរំលឹកជាថ្មីនេះ ដោយសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ អនុវត្តការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានល្អប្រសើរ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចទៀត នៅពុំទាន់អនុវត្តបានល្អនៅឡើយទេ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ត្រូវអនុវត្តរួមមាន ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត។ ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន។ ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល និងត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល ០៥ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានថា ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមមាត្រាទី០៩ នៃច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលបានចែងថា «អំពើចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដែលមានជាធរមាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *