ព័ត៌មាន

អាជីវកម្មចម្រាញ់រ៉ែមាសខ្នាតធំនៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានចាប់ផ្តើមដំណើរការ…

(ភ្នំពេញ)៖ ក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។

លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់មកបណ្ដាញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុនរុករករ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នឹងអាចចម្រាញ់មាសបាន២.៥តោន ក្នុងរយៈពេល១ឆ្នាំដំបូងនេះ (ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២២)។

លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនវិនិយោគ Renaissance Minerals ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ អាចផលិតមាសបាន ចំនួន២.៥តោន ក្នុង១ឆ្នាំដំបូងនេះ»។

បន្ថែមពីនោះទៀត អគ្គនាយកដ្ឋានធនធានរ៉ែ បានគូសបញ្ជាក់ថា ចាប់ពីពេលចាប់ផ្ដើម ការចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន Renaissance Minerals រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុននេះ ចម្រាញ់រ៉ែមាស បានចំនួន ៧៤៧.៣១គីឡូក្រាម។

លោកថា ក្រុមហ៊ុននេះ បានដាក់លិខិតស្នើសុំ ក្នុងការនាំចេញមាសចំនួន១២ជើងរួចហើយ ស្មើនឹង៥៥៥.៧៤គីឡូក្រាម គិតជាដុំមាស៤៨ដុំ ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក៩៩.៩៩% នៅប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះ អគ្គនាយកក៏បានឲ្យដឹងផងដែរថា គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានចំណូលសួយសារជាង៦៦ម៉ឺនដុល្លារ ពីក្រុមហ៊ុនវិនិយោគ Renaissance Minerals លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *