ព័ត៌មាន

ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យកាយប្រឡាយរំដោះទឹកទ្វារទឹកនៅក្នុងក្រុងតាខ្មៅស្រុកស្អាងនិងស្រុកកណ្តាលស្ទឹងដើម្បីបញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋនិងការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី

ខេត្តកណ្ដាល៖

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ចុះត្រួតពិនិត្យការកាយប្រឡាយរំដោះ ដើម្បីធ្វើការរំដោះទឹកចេញឲ្យបានលឿនបំផុត សំដៅបញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋ ពិសេសគឺបញ្ជៀសឲ្យបាននូវការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។

ក្នុងការចុះត្រួតពិនិត្យការស្ដាប្រឡាយរំដោះទឹកនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពទឹកនាពេលនេះមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នក៏ដោយ  មន្រ្តីជំនាញដែលប្រចាំការនៅតំបន់ទ្វារទឹកសំខាន់ៗ ជាពិសេសនៅទំនប់ទ្វារទឹក៧មករា ត្រូវបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីស្ថានភាពទឹកមានការកើនឡើងខុសប្រក្រតី។

នាឱកាសនោះដែរ ឯកឧត្ដមក៏បានស្នើដល់កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកដែលអាចនឹងជួបបញ្ហាប្រឈមនេះ និងធ្លាប់រងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំមុន ត្រូវសហការគ្នាឲ្យបានស្អិតរមួតត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ក្នុងការទប់ស្កាត់ បញ្ជៀស រំដោះចរន្តលំហូរទឹក និងត្រៀមលក្ខណៈក្នុងជម្លៀសប្រជាពលរដ្ឋ សង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព ត្រូវត្រៀមថ្នាំសង្កូវ ស្បៀងអាហារ សម្ភារបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីស្ថានភាពអាកាសធាតុ មានការប្រែប្រួលជាយថាហេតុ សរុបមកគឺត្រូវធ្វើយ៉ាងណាមិនត្រូវឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងម្នាក់ជាដាច់ខាត។

 

សូមបញ្ជាក់ថា៖ ទីតាំងដែលត្រូវធ្វើការស្ដាយ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  ដែលមានប្រឡាយ៩៤ និងប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និងជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និងទីតាំងមួយទៀត ស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងធ្វើការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ។ ជាចុងក្រោយ ឯកឧត្តមអភិបាល ក៏បានបន្តចុះទៅពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងផងដែរ។

បើផ្អែកតាមរបាយការណ៍របស់មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពទឹកក្នុងឆ្នាំនេះ មិនទាន់មានបញ្ហាប្រឈមនៅឡើយទេ ជាក់ស្តែងស្ថានភាពកំពស់ទឹកនៅទំនប់៧មករា កម្ពស់ទឹកនៅផ្នែកខាងក្រោយទំនប់ មានកម្ពស់ត្រឹមតែ ៧.៩០ម  បើប្រៀបធៀបនិងកម្ពស់ទឹកឆ្នាំមុន កាលពីថ្ងៃទី១២ ខែតុលា ២០២០ កម្ពស់ទឹកខាងក្រោយទំនប់មានកម្ពស់រហូតទៅដល់ ៩.២០ម ដែលបានបណ្តាលឲ្យលិចលង់ ភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មានដូចជា ខណ្ឌកំបូល និងខណ្ឌដង្កោ ភូមិសាស្ត្រខេត្តកណ្តាល មានដូចជាស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *