ព័ត៌មាន

ផ្លែមៀនចំនួន៥០០០គ.ក ដែលជាអំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ

ឯកឧត្តម គង់ ប៊ុនលី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំក្រុមការងារ នាំយកផ្លែមៀន ចំនួន ៥០០០គ.ក ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មកប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តម ប្រាក់ សុវណ្ណ ជាអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីធ្វើការបែងចែក ជូនដល់កងកម្លាំងទាំងបី និងថ្នាក់ដឹកនាំក្រុងស្រុកទាំង៨ ក្នុងខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តព្រះវិហារ។
មានវត្តមានអញ្ជើញចូលរួមនាឱកាសនោះ មានឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុងស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ ប៊ុនលី បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងទាំងបី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងនៅពេលបច្ចុប្បន្ន បាននិងកំពុងប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របទៅតាមគោលដៅចំបងរបស់រាជរដ្ឋាភិបាល ដែលបានដាក់អទិភាពជាសំខាន់ទៅលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានធ្វើការគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងនៅគ្រប់បណ្ដាខេត្តទាំងអស់ ពិសេស គិតគូរ និងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងបរិបទដែលប្រទេសជាតិកំពុងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ជូនថា ភ្លាមៗនោះ បន្ទាប់ពីធ្វើការទទួលផ្លែមៀនពីឯកឧត្តម គង់ ប៊ុនលី រួចមក ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏បានធ្វើការបែងចែកផ្លែមៀនទាំងអស់ ជូនដល់អភិបាលក្រុងស្រុក ទាំង៨ និងបញ្ជាការដ្ឋាន និងស្នងការដ្ឋាននៃកងកម្លាំងទាំង៣ ផងដែរ ដោយក្នុង១ក្រុង-ស្រុក ទទួលបានផ្លែមៀន ៥៥០គ.ក កងកម្លាំងទាំង៣ ដោយកងកម្លាំងនីមួយៗទទួលបាន ២០០គ.ក៕
adm

Leave a Reply

Your email address will not be published. Required fields are marked *