ព័ត៌មាន

កាន់តែរឹតបន្ទឹងថែមទៀតអាជីវកម្មទាំងអស់ ដែលមានហានិភ័យខ្ពស់បើមិនគោរពវិធានសុខាភិបាលត្រូវបិទបណ្ណោះអាសន្ន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ចេញ​បទបញ្ជា​ដល់​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់ ត្រូវ​ចាត់វិធានការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​ណា​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។

ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ថ្នាក់​ជាតិ​ក្រោម​ប្រធានបទ «​រួម​គ្នា​ទទួលខុសត្រូវ​ទប់​កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩» នា​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា សូម​ណែនាំ និង​ចាត់វិធានការ​ដល់​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា ក្លឹ​ប​កំសាន្ត អាជីវកម្ម​ម៉ាស្សា ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង ព្រមទាំង​ភោជនីយដ្ឋាន ទីកន្លែង​លក់​អាហារ ទីផ្សារ ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​ការ​អនុវត្តន៍​វិធានការ​សុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង​ជាយថាហេតុ​នូវ​វីរុស​កូ​វី​ដ​-១៩ នៅ​ពេល​ជួប​ជាមួយ​អតិថិជន​ទូទៅ​នៅ​ក្នុង​ទីតាំង​អាជីវកម្ម របស់​ខ្លួន ។ ចាត់វិធានការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​ណា​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ឯកឧត្តម​បាន​បញ្ជាក់​ថា អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ និង​ការ​ចាត់វិធានការ​តាមដាន​ការ​អនុវត្តន៍​វិធានការ​សុខាភិបាល នៅ​តាម​សហគមន៍​ដូច​ជា ចាត់តាំង​អាជ្ញាធរ ភូមិ ឃុំ ស្រុក និង​តំណាង​សហគមន៍​ត្រួតពិនិត្យ និង​ណែនាំ​ការ​អនុវត្តន៍​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ម្នាក់​ទៅ​ម្នាក់​ឲ្យ​បាន​យ៉ាងតិច ១,៥​ម៉ែត្រ​ឡើង​ទៅ​នៅ​តាម​ទី​សាធារណៈ​នានា ។

ជាង​នេះ​ទៅ​ទៀត ឯកឧត្តម​រដ្ឋមន្ដ្រី​សុខាភិបាល​ក៏​បាន​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​ឲ្យ​បាន​ហ្មត់ចត់​ដោយ​ហាមឃាត់ ឬ​កាត់​បន្ថយ​ឲ្យ​បានជា​អតិប្បរិមា​នូវ​ការ​ជួបជុំ​គ្នា​ក្នុង​សង្គម ដូច​ជា ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​នានា ការ​ជួបជុំ​គ្នា​កុះករ​ក្នុង​ពិធីបុណ្យ​ជាតិ ពិធីបុណ្យ​សាសនា ពិធីបុណ្យ​ប្រពៃណី ឬ​ពិធីបុណ្យ​ផ្សេង​ៗ ការ​ប្រគុំ​តន្ត្រី ការ​ដើរ​រលង​ជួបជុំ​គ្នា​ច្រើន ការ​បរិភោគ​អាហារ​ជាមួយ​មិត្ត​ភ័ក្ត្រ​ខាងក្រៅ​ផ្ទះ ការ​ជួបជុំ​ពិធី​ខួបកំណើត ឬ​ការ​ធ្វើ​ពិធី​ឡើងផ្ទះ​ក្នុង​ទ្រង់ទ្រាយ​ធំ ការ​ធ្វើ​ដំណើរ​កំសាន្ត​ប្រមូលផ្តុំ​គ្នា​ច្រើន​ជាដើម ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *