ព័ត៌មាន

ក្រសួងការបរទេសៈ ផលិតផលអង្ករបរទេសប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice និងប្រើប្រាស់រូបប្រាសាទអង្គរវត្ត

ភ្នំពេញៈ នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម កម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាន សម្រេចអោយស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។ ជាលទ្ធផល ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាម ការតវ៉ារបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *