ព័ត៌មាន

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារដល់កុមារឲ្យធ្វើអនាម័យជាប់ជានិច្ច និងកុំទៅណាផ្ដេសផ្ដាសដើម្បីចៀស ផុតជំងឺកូវីដ១៩

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បាននាំយកអំណោយមនុស្សធម៌ ជាលើកទី៩ របស់កាកបាទក្រហមកម្ពុជា ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងសិស្សានុសិស្ស។ ក្នុងឱកាសនោះលោកស្រីក៏បាននាំយកប្រសាសន៍ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ដាំផ្ញើចិត្ដនឹករលឹកជាសារសំឡេង តាមរយៈលោកស្រី ជូនដល់កុមារកុមារតូចដែលរស់នៅអង្គការខាងលើនេះផងដែរ។
ប្រសាសន៍របស់សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា ៖«សូមជូនពរកូនៗទាំងអស់គ្នា ចៀសផុតពីជំងឺកូវីដ១៩ និងជូនពរកូនៗមានសិរីសួស្ដី សុភមង្គលនៅក្នុងឆាកជីវិត លើសពីនោះក៏ជូនពរដល់ស្ថាបនិកអង្គការផងដែរ ឱ្យមានសុខភាពល្អ ដើម្បីដឹកនាំកូនៗចៅៗតូចឆ្ពោះទៅរកអនាគតរៀងៗខ្លួន។ ម៉ាក់យាយ ផ្ដាំទៅចៅៗទាំងអស់ថា ត្រូវធ្វើយ៉ាងម៉េចការពារខ្លួន ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បីការពារ បីកុំ ត្រូវលាងដៃឱ្យស្អាត កុំដើរផ្ដេសផ្ដាសជាដើម»។
គួរជម្រាបជូនថានេះជាលើកទី៩ ហើយដោយគិតចាប់តាំងពីឆ្នាំ២០១៤មក ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្ដល់អំណោយមនុស្សធម៌ ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ សម្រាប់ជួយសម្រាលការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងសិស្សចំនួន ៩៥នាក់ ដែលរស់នៅក្នុងអង្គការ ហើយដែលកំពុងបន្តបង្ហាត់បង្រៀន តាមរយៈប្រព័ន្ធអនឡាញដល់កុមារ និងសិស្សានុសិស្សចំនួន ១,០១០នាក់ ដែលជាបន្ទុករបស់អង្គការ ក្នុងឆ្នាំ២០២១នេះ។
ចំពោះអំណោយ ដែលបានផ្តល់ជូនអង្គការខាងលើនេះរួមមាន៖ អង្ករ៥តោន, មី៧០កេស, ត្រីខ១០កេស, ទឹកត្រី៦០ដប, ទឹកស៊ីអ៊ីវ៦០ដប, ទឹកក្រូច២០កេស, ទឹកសុទ្ធ៣០កេស, ផ្លែទំពាំងបាយជូរ៥កេស, ផ្លែប៉ោម៥កេស, ផ្លែក្រូចឃ្វិច ៥កេស ,នំបុ័ងដាក់សាច់៣០០ដើម, ម៉ាស់៥ពាន់បន្ទះ, អាល់កុល៦០លីត្រ និងថវិកា១០,០០០,០០០រៀល (ដប់លានរៀល)។ អំណោយខាងលើនេះ ជាព្រះរាជទានពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាការឧបត្ថម្ភពីសប្បុរសជននានាតាមរយៈ កាកបាទក្រហមកម្ពុជា៕
adm

Leave a Reply

Your email address will not be published. Required fields are marked *