ព័ត៌មាន

មន្រ្ដីនាំពាក្យ ថា ក្រសួងបរិស្ថានបានប្រគល់ឈើដែលរឹបអូសបានពីបទល្មើសប្រគល់ជូនអាជ្ញាធរធ្វើមឈូសតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា មន្រ្ដីនាំពាក្យក្រសួងបរិស្ថាន តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានលើកឡើងថា នៅពេលនេះក្រសួងបរិស្ថានបាននិងកំពុងបញ្ជូនឈើដែលរឹបអូសបានពីបទល្មើស ជូនអាជ្ញាធរក្នុងការរៀបចំធ្វើក្ដារមឈូស សម្រាប់ជនរងគ្រោះព្រោះជំងឺកូវីដ១៩។
តាមរយៈសំណេរអមជាមួយរូបក្ដារមឈូសដែលផលិតហើយ និងកំពុងបន្តការផលិត ជារូបថតកាលពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០២១ នៅមន្ទីរបរិស្ថានខេត្ដកំពត លោកបានលើកឡើងថា ទាល់ឃើញក្តារមឈូស បានស្រក់ទឹកភ្នែក។ សូមកុំភ្លេចខ្លួនបងប្អូន យើងអាចភ្លេចកូវីដ១៩ តែជំងឺកាចសាហាវនេះមិនភ្លេចយើងទេ។ បន្ថែមពីនេះលោកថា មិនមែនបន្លាច មិនមែនប្រមាថ ហើយក៏មិនមែនជាក្តីសុបិន្តដែរ តែវាជាការពិត។ ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ» ក្រសួង បរិស្ថាន បានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារម្ឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។
លោកបន្តថា រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។ ឥឡូវនេះអត្រានៃការស្លាប់ប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ បើខ្លាចកូវីដ១៩ សូមការពារខ្លួនអ្នក គ្រួសារអ្នកនិងសហគមន៍ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ កុំ ៣ ការពារនិងគោរពតាមបទបញ្ជាទាំងឡាយរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕
adm

Leave a Reply

Your email address will not be published. Required fields are marked *