បាត់ដំបង ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគំរាមកំហែងនិងប្រើប្រាស់អាវុធខុសច្បាប់មួយកើតឡើង បង្កដោយជនសង្ស័យ១នាក់ឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើប្រើពាក្យសម្ដីគំរាមសម្លាប់ទៅលើស្ត្រីជាប្រពន្ធឈ្មោះ ឆោម អេម អាយុ៥៣ឆ្នាំ និងបានយកអាវុធខ្លីម៉ាក k59 បាញ់ឡើងលើចំនួន០២គ្រាប់ ខណៈដែលប្រពន្ធគេចចេញពីផ្ទះ។
ប្រភពខាងលើបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុក បានចាត់កម្លាំងចុះបង្ក្រាបចាប់ឃាត់ខ្លួនជនបង្ក និងដកហូតបានអាវុធខ្លី ០១ដើម ម៉ាកk59 បង់០១ និងគ្រាប់ចំនួន០៣គ្រាប់ ផលិតនៅប្រទេសសូវៀត ។
ក្រោយពីឃាត់ខ្លួន កម្លាំងនគរបាល កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ៕