ព័ត៌មាន

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា : របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនគឺមិនពិត និងមិនអាចទទួលយកបាន

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធ និងច្រានចោលចំពោះការចេញរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ដែលបានដាក់បញ្ចូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន គឺជាការមិនពិត និងមិនអាចទទួលយកបាននោះទេ។
ការច្រានចោលរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីអង្គការអ្នករាយការណ៍គ្មានព្រំដែន បានចាត់បញ្ជូលឈ្មោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន។ ដោយអង្គការនេះបានលើកឡើងអំពីការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើម។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ការចេញរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយកបានទេ ហើយបើប្រៀបធៀបកម្ពុជានៅក្នុងតំបន់ គឺកម្ពុជាដើរមុនគេនៅក្នុងការធ្វើឲ្យរីកសាយ នៃវិជ្ជាជីវៈសារព័ត៌មាន ដែលប្រទេសដទៃអត់មានទេ។ បើប្រៀបធៀបនៅក្នុងតំបន់កម្ពុជាមានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័នពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យទាំងអស់គឺអាចទំនាក់ទំនងបាន២៤ម៉ោង ដើម្បីសម្រួលដល់ការឆ្លងឆ្លើយរវាងរាស្ត្រនិងរដ្ឋរឹតតែកៀកជាប់គ្នាទាំងអស់ ហើយដើម្បីធ្វើយ៉ាងម៉េចឲ្យព័ត៌មានរបស់រាជរដ្ឋាភិបាលជិតជាមួយនឹងប្រជាពលរដ្ឋ ពោលចង់ពន្លឿនអ្វីទៅកំណែទម្រង់របស់រដ្ឋាភិបាល គឺការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធិភាព។
លោកបានបន្តថា អ្វីដែលរីកសាយសារព័ត៌មានយើងឃើញ យើងរាប់ចំនួនអ្នកសារព័ត៌មាន មិនមែនអ្នកសារព័ត៌មានជាស្ថាប័នទេ រហូតដល់អ្នកសារព័ត៌មានជាអ្នកអនឡាញថែមទៅទៀត ហើយនិងព័ត៌មានដែលរហ័ស គឺថ្នាក់ដឹកនាំធំៗដូចជា សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ គឺមានហ្វេសប៊ុកដែលប្រជាពលរដ្ឋអាមសរសេរប្រាប់អំពីរឿងការប្រឈម ប្រាប់រឿងកើតទុក្ខ និងប្រាប់ពីសសេចក្តីស្នើសុំ មិនចាំបាច់ឆ្លងអ្នកណាទេ ដូច្នេះការិយាធិបតេយ្យវាអត់មានទេ គេសរសេរទៅត្រង់ទៅនាយករ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដូច្នេះមានការដោះស្រាយភ្លាមៗ…។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា “ការអប់រំអ្នកសារព័ត៌មាននៅកម្ពុជាខុសប្លែកពីអ្នកសារព័ត៌មាននៅបរទេស អ្នកសារព័ត៌មានបរទេសដែលមកធ្វើការនៅស្រុកខ្មែរ គឺជាសកម្មជនទេ មិនមែនជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈទេ ភាគច្រើនគឺសកម្មជនដែលមានរបៀបវារៈលាក់លៀមនៅពីក្រោយខ្នង ហើយគេមិនបានចូលរួមនៅក្នុងការកសាង ហើយនិងការពង្រឹងនៃការដឹងការយល់ ហើយនិងការចូលរួមរបស់ប្រជាពលរដ្ឋទេ គឺព័ត៌មានរបស់គេគ្រាន់តែជាអ្នកបំបែកប្រជាពលរដ្ឋតែប៉ុណ្ណោះ”។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចំនួនអ្នកសារព័ត៌មាននៅកម្ពុជាមានចំនួនរីកសសាយ និងគុណភាព គឺការចូលរួមនៅក្នុងការកសាងជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហើយនៅក្នុងងការកសាងជាតិចំណុចសំខាន់ គឺកំណែទម្រង់ឲ្យសេវាកម្មផ្តល់ដល់មហាជនដើម្បីឲ្យមហាជនមានឱកាសក្នុងការចូលរួមជាមួយនិងការកសាងជាតិ ហើយសេវកម្មនេះប្រកបដោយប្រសិទ្ធិភាព លទ្ធផលល្អ ហើយនិងគុណភាព ហើយការធ្វើរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយយកបានទេ។
adm

Leave a Reply

Your email address will not be published. Required fields are marked *