ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង បង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ។ ការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ មានសមាសភាពចំនួន ១៥រូប ដោយក្នុងនោះមានប្រធាន ១រូប គឺលោកសក់ សេដ្ឋា , អនុប្រធាន ១រូប , អនុប្រធានអចិន្ត្រៃយ៍ ១រូប និងសមាជិកចំនួន ១២រូបមកពីស្ថាប័នពាក់ព័ន្ធ។
យោងតាមសេចក្តីសម្រេចបានឲ្យដឹងថា ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
– ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងាររដ្ឋាភិបាលឌីជីថលក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង។
– សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផ្ទះននារមេបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពធនធានមនុស្ស។
– គ្រប់គ្រងការធ្វើសមាហរណកម្មតភ្ជាប់រវាងប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។
– គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព វាយតម្លៃគុណភាពប្រព័ន្ធ និងសម្ភារៈបច្ចេកទេស បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន ឲ្យសមស្របតាមស្ថានភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក បម្រើដល់ការងារជំនាញ និងការងារផ្តល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព។
– រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដើម្បីធានាដល់ការងារអនុវត្តប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងាររដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
– រៀបចំរបាយការណ៍អំពីលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ជូនរដ្ឋមន្ត្រីដើម្បីជូនជ្រាប ឬ/និងស្នើសុំមតិ ដឹកនាំតាមការចាំបាច់៕
adm

Leave a Reply

Your email address will not be published. Required fields are marked *