ព័ត៌មាន

លោកបណ្ឌិត ដៀប សុផល៖ ការដាក់ឱសានវាទឱ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក មិនប៉ះពាល់ទំនាក់ទំនងជាមួយអ៊ីស្លាម ឬវៀតណាមឡើយ ប៉ុន្តែវាដើម្បីរបៀបរៀបរយទីក្រុង

លោកបណ្ឌិត ដៀប សុផល អ្នកជំនាញតាមដានស្ថានការណ៍សង្គម បានបង្ហាញការគាំទ្រចំពោះការរៀបចំផ្ទៃទន្លេឡើងវិញ។ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២មិថុនា ឆ្នាំ២០២១នេះ បានប្រកាសទុកពេលមួយសប្ដាហ៍ឲ្យពលរដ្ឋកំពុងរស់នៅលើផ្ទៃទឹកនៃភូមិសាស្ត្ររាជធានីភ្នំពេញ រុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនិងបែចិញ្ចឹមត្រី ចេញជាបន្ទាន់ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៩មិថុនា។ ជំនួសឲ្យការរស់នៅលើផ្ទៃទឹកសាលារាជធានីភ្នំពេញលើកទឹកចិត្តឲ្យពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹក ឡើងមករស់នៅនិងចិញ្ចឹមត្រីនៅក្នុងស្រះលើដីគោកវិញ។
សេចក្ដីជូនដំណឹងនេះ លោក ឃួង ស្រេង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា កន្លងមកអាជ្ញាធរសង្កេតឃើញជនឆ្លៀតឱកាសនិយមមួយចំនួន បានលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែត និងសំណង់មិនរៀបរយលើផ្ទៃទន្លេ។ ជាពិសេសកន្លែងខ្លះ ក៏ប្រែជាកន្លែងស្នាក់នៅខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ បើតាមលោក ឃួង ស្រេង បញ្ហាទាំងអស់នេះ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ និងប្រព័ន្ធអេកូឡូហ្ស៉ីមានចរន្តទឹកហូរ គោករាក់ជាដើម។ ទន្ទឹមនឹងនេះ ការដាក់ចំណីត្រីនិងបញ្ចេញកាកសំណល់របស់មនុស្សពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ពិសេសគុណភាពទឹក បំពុលបរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។
បើតាមលោកអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីឱសានវាទមួយសប្ដាហ៍ចូលជាធរមាន បើស្ថានភាពមិនមានការផ្លាស់ប្ដូរទេ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់តាមវិធានរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនឡើងតុលាការតាមផ្លូវច្បាប់។ បន្ថែមលើនេះសាលារាជធានីភ្នំពេញស្នើឲ្យពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹកប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ ករណីនេះ លោកបណ្ឌិតលោកបណ្ឌិត ដៀប សុផល អ្នកជំនាញតាមដានស្ថានការណ៍សង្គម បានបង្ហាញការគាំទ្រចំពោះការរៀបចំផ្ទៃទន្លេឡើងវិញ ត្បិតវានឹងបង្កើនការងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល។
ដោយសារតែអ្នករស់នៅលើទូកសុទ្ធតែជាខ្មែរ-អ៊ីស្លាម និងជនជាតិវៀតណាម លោកបណ្ឌិតដៀប សុផល បានមើលឃើញថាការរៀបចំដាក់ឱសានវាទអោយពួកគេរុះរើសំណង់មិនរៀបរយចេញជាបន្ទាន់នេះនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរដ្ឋនិងរដ្ឋនោះទេ ប៉ុន្តែវាជាការរៀបចំរបៀបរៀបរយដើម្បីទាំងអស់គ្នា។
«ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់ភាពអសកម្មខាងលើរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរាយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍ គិតចាប់ពីការបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ»។ ក្នុងលិខិតនេះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ៗថាផុតរយៈពេលមួយសប្ដាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូតខាតណាមួយឡើយ។ ករណីមានអ្នករឹងរូស អាជ្ញាធរធរមូលដ្ឋាននិងមន្រី្តជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *