ព័ត៌មាន

ប៉ូលិសឆ្មក់ចូលបង្ក្រាបក្នុងខុនដូរ ៖ ឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ និងខ្មែរ៤៥នាក់ និងរកឃើញគ្រឿងញៀនមួយចំនួន

ភ្នំពេញៈ ជនបរទេស និងជនជាតិខ្មែរ៤៥នាក់ ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានក្រសួងសុខាភិបាលបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅក្នុងខុនដូមួយកន្លែងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្រ្កាប និងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។
ប្រតិបត្តិការបង្រ្កាបនោះកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។
ប្រតិបត្តិការបង្រ្កាបនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀងកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល។ នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំជួបជុំគ្នា ដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៥នាក់ ចម្រុះជាតិសាសសន៍ ក្នុងនោះមានដូចជាៈ ជនជាតិចិន ចំនួន ២៦នាក់ , ជនជាតិវៀតណាម ចំនួន ៧នាក់ , ជនជាតិកូរ៉េ ចំនួន ១នាក់ , ជនជាតិម៉ាឡេស៊ី ចំនួន ១នាក់ និងជនជាតិខ្មែរចំនួន ១០នាក់។ ហើយបានរកឃើញសារធាតុញៀនមួយចំនួនផងដែរ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “យើងបានឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យើងធ្វើតាមនីតិវិធី កំពុងតែរង់ចាំ និងអនុវត្តតាមវិធានសុខាភិបាលដើម្បីធ្វើតេស្តមនុស្សទាំង ៤៥នាក់ ដើម្បីរកកូវីដ១៩ ជាជំហានដំបូងសិន នៅពេលចេញលទ្ធផលតេស្តកូវីដ គឺធ្វើតេស្តរកសារធាតុញៀនមួយតង់ទៀត បន្ទាប់ពីនឹងទើបយើងធ្វើការសាកសួរ និងរកម្ចាស់ទីតាំង អ្នកណាមេការ គឺយើងនឹងអនុវត្តទៅតាមនឹងទៀត”។
មន្ត្រីដែលចុះបង្ក្រាបបានឲ្យដឹងថា សមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យដោយដកហូតវត្ថុតាងរួមមានៈម្សៅពណ៌សចំនួន០៦ថង់តូច,ម្សៅម៉ត់ពណ៌ស ០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់,ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់,ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់,ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ។
ជនសង្ស័យខាងលើវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងបន្តស្រាវជ្រាវស៊ើបអង្កេតអនុវត្តតាមនីតិវិធី៕
+7
49
8 Shares
Like

Comment
Share
adm

Leave a Reply

Your email address will not be published. Required fields are marked *