ព័ត៌មាន

ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់ ………

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាន អបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ បន្ថែមលើនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់ ដោយក្នុងនោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់។ ក្រៅពីសកម្មភាពបោសសម្អាតមីន JMAS ក៏បានចូលរួមចំណែកក្នុងសកម្មភាព ផ្សេងៗមួយចំនួនទៀត ដូចជាការជួយដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និងអប់រំ តាមរយៈការផ្តល់បច្ចេកទេស ដើម្បីបង្កើនទិន្នផល, ការបង្កើនប្រាក់ចំណូលដល់កសិករ, ការចូលរួមបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃមីន និងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានគ្រាប់មីន, និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនសម្រាប់សហគមន៍ជនបទ ដូចជាសាលារៀននៅតាមបណ្ដាខេត្តមួយចំនួន។ ព្រមជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកការបោសសម្អាតមីននៅកម្ពុជា។

 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji និងគណៈប្រតិភូ ព្រមទាំងបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតដល់ពេលបច្ចុប្បន្ន និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរបស់ JMAS ជាមួយនឹង CMAC លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកិច្ចការនេះបានរួមចំណែកក្នុងការជួយទៅដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បង របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន ដោយសម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត។

 

មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោះសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតមីនជាមួយភាគីជប៉ុន ទាំងក្នុងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងការចូលរួមសកម្មភាពមនុស្សធម៌បោសសម្អាតមីននៅតាមប្រទេសផ្សេងៗ។

 

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕

————

adm

Leave a Reply

Your email address will not be published. Required fields are marked *