ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ (Rush Hour) រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញ ទើបដកកម្លាំងចេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិវបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» ។

 

មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត» តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរាមួយផ្នែក និងមួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាសថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និងគម្រោង «ព្រែកជីកហ្វូណន-តេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

 

ក្នុងពិធីនោះផងដែរ សម្តេចធិបតី បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃនគរូបនីយកម្ម ដែលក្នុងនោះរួមមាន៖

 

ទី១. បន្តអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១). បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ ២០៣៥ និង ២). ផ្តើមគិតពីកិច្ចការសាងសង់សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

 

ទី២. បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។

 

ទី៣. បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ។

 

ទី៤. បន្តខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ទន្ទឹមនេះ បន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្ដាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់ទឹកភ្លៀង និងប្រធានសក្តិនានា ដែលអាចកើតមានជាយថាហេតុ ។

 

ទី៥. បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និង ក្នុងសហគមន៍ ។ ល ។) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានល្អប្រសើរ ពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំ និងជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ ។ និង

 

ទី៦. បន្តយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ថែមលើនេះ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងត្រូវទៅ និង ចេញពីបម្រើការងារ (Rush Hour) រដ្ឋបាលរាជធានីភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

 

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក៏ដូចជាបណ្ដាអង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អជាមួយគ្នា និងសម្របសម្រួលរាល់កិច្ចការទាំងឡាយ រហូតឈានដល់ការបើកការដ្ឋានសាងសង់គម្រោងស្ពានអាកាសនេះ ៕

———

adm

Leave a Reply

Your email address will not be published. Required fields are marked *