ភ្នំពេញៈវិសម្ពាធនៅក្នុងសមុទ្រចិនខាងត្បូងបានក្លាយទៅជាកូនព្យុះទី៣ឈ្មោះចាបា (CHABA) មានដំណើរអែបខាងកើតកោះហៃណាំទៅរកដីគោកប្រទេសចិន ហើយ ព្យុះនេះនឹងទៅដល់ដីគោកនៅល្ងាចថ្ងៃទី០២ខែកក្កដា ក្នុងពេលវានៅក្នុងសមុទ្របង្កឱ្យមានខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្ររបស់កម្ពុជា និង មានភ្លៀងធ្លាក់កម្រិតពីមធ្យម ទៅបង្គួរនៅតំបន់មាត់សមុទ្រ ខ្ពង់រាបភាគខាងជើងនិងខ្ពង់រាមភាគឦសាន។នៅល្ងាចថ្ងៃទី៣០ខែមិថុនា នៅភ្នំពេញនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថានៅពេលព្យុះនេះកំពុងមានសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូងធ្វើឱ្យមានខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រនៃប្រទេស កម្ពុជាជាមួយនឹងការធ្លាក់ភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើងនិងភាគឦសាន។ ឯតំបន់ទំនាបកណ្តាលក៏មានភ្លៀងដែរ តែមិនធ្លាក់រាយប៉ាយសព្វទីកន្លែងនោះទេ។ នៅភ្នំពេញល្ងាចថ្ងៃទី៣០មិថុនានេះមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
លោកចាន់ យុត្ថា និយាយឱ្យដឹងទៀតថាកូនព្យុះទី៣នេះ មិននាំមកនូវបរិមាណទឹកភ្លៀងច្រើនដល់ប្រទេសកម្ពុជានិងតំបន់អាងទន្លេមេគង្គនោះទេ ដោយសារនៅ ពេលព្យុះដើរទៅជិតដល់ដីគោកមានព្យុះថ្មីមួយទៀតបានកើតមាននៅក្នុងសមុទ្រប៉ាស៊ីហ្វិកហើយបានស្រូបទាញព្យុះទី៣ដែលមានដំណើរចូលជ្រៅទៅលើដីគោកមុននឹងរលាយ ទៅវិញ។
ក្រោយពេលព្យុះចាបារលាយលោកចាន់ យុត្ថា បញ្ជាក់ថានៅខេត្តព្រះសីហនុនិងខេត្តកោះកុងមានភ្លៀងធ្លាក់ច្រើនពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែកក្កដា។តំបន់ផ្សេងទៀតក៏មានភ្លៀងដែរ តែមិនរាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ តែគ្រប់ទីកន្លែងនោះទេ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៨ខែមិថុនាបានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាសធាតុ សម្រាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៥ខែកក្ក ដា ឆ្នាំ២០២២ថាព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវនិងវៀតណាមភ្ជាប់ទៅនឹងសម្ពាធទាបមួយទៀតនៅក្នុងសមុទ្រចិនខាងត្បូងដែលនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ៕