ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ………

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថាធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួក្បាល និងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង»។

 

សម្តេចធិបតី ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ លីមកុកវីង។

 

ជាមួយការសម្តែងនូវអំណរសាទរ ចំពោះថ្នាក់ដឹកនាំ គ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ ដៃគូអភិវឌ្ឍ និង និស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យ លីមកុកវីង ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្រ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និស្សិតជ័យលាភី ដែលចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ ។ ជាមួយនឹងចំណេះដឹងដែលទទួលបាននេះ និស្សិតទាំងអស់ ក៏ត្រូវបន្ដការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល និង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និង នវានុវត្តន៍ ។

 

សម្តចធិបតី បានបន្តទៀតថា ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថា ធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួក្បាលនិងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈ ការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង ការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានមនុស្សកម្ពុជា សម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព។

 

ជាចុងក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តីរាជការបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងសមត្ថភាព នៅកម្ពុជា ៕

——

adm

Leave a Reply

Your email address will not be published. Required fields are marked *