ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វចាប់ជ្រូករស់ជិត១០០ក្បាលមកពីវៀតណាមបានដោយលំបាកលំបិនព្រោះមានរថយន្ត២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមានបំពាក់ភ្លើងសារ៉ែនអមដំណើរចាំតាមរំដោះ

ខេត្តព្រៃវែង ៖ សត្វជ្រូករស់ជិត១០០ក្បាល ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វចាប់ឃាត់បាននៅខណៈពេលដែលឈ្មួញ កំពុងដឹកជញ្ជូននៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកំពុងត្របែក ខេត្តព្រៃវែង។
ជ្រូកទាំងអស់នេះ ត្រូវបានក្រុមឈ្មួញ ដឹកតាមរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F 9874 គោលដៅឆ្ពោះទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់ចំណុចគល់ស្ពានក្បាលក្របី ក្នុងឃុំកំពង់ត្របែក ក៏ត្រូវកំលាំងមន្ត្រីជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វ ចាប់ឃាត់បាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២មិថុនា។
លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមបង្ក្រាប អគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្មបានឱ្យដឹងថា ការចាប់ឃាត់សត្វជ្រូកទាំងអស់នេះ គឺដោយសារពិនិត្យឃើញថា ជាជ្រូកដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ហើយក្រោយពេលដែលមន្ត្រីជំនាញចាប់ឃាត់ភ្លាម ស្រាប់តែក្រុមឈ្មួញបានយករថយន្ត២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមានបំពាក់ភ្លើងសារ៉ែននៅពីលើ មកបិទខាងមុខ១គ្រឿង និងខាងក្រោយរថយន្តមន្ត្រីជំនាញ១គ្រឿង ក្នុងបំណងចង់គាបនិងរំដោះយករថយន្តដឹកជ្រូកទៅវិញ ។

ប៉ុន្តែបន្តិចក្រោយមក ដោយឃើញមានអ្នកសារព័ត៌មានច្រើននាក់ ចុះទៅដល់និងតាមថតរូបភាពផងនោះ ទើបរថយន្តសារ៉ែនរបស់ដែលសង្ស័យស៊ីឈ្នួលការពារក្រុមឈ្មួញដែលបិទខាងមុខ បានដកថយនិងត្រឡប់ទៅក្រោយវិញ ទើបធ្វើអោយមន្ត្រីជំនាញ មានឱកាសអាចនាំយករថយន្តដឹកជ្រូកនោះ មកកាន់នាយកដ្ឋានបានដោយជោគជ័យ។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា គិតមកដល់ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១២ មិថុនា មន្ត្រីជំនាញនៅមិនទាន់បានរាប់ចំនួនសត្វជ្រូកនៅលើរថយន្តនៅឡើយទេ ដោយរង់ចាំអោយម្ចាស់មកដល់ទើបរាប់ ។ ប៉ុន្តែបានយកសំណាកឈាមជ្រូក ទៅពិនិត្យហើយ បើលទ្ធផលឃើញថា មានមេរោគ នោះត្រូវអនុវត្តតាមវិធានបសុពេទ្យ គឺដុតកំទេចចោល ប៉ុន្តែបើមិនឃើញមានមេរោគទេ គឺគ្រាន់តែផាកពិន័យ ចន្លោះពី១០ទៅ១៥លានរៀលប៉ុណ្ណោះ។

តាមព័ត៌មានលេចឮថា ជ្រូកជិត១០០ក្បាលនេះ ជារបស់ក្រុមហ៊ុនមួយនៅភ្នំពេញ ក្នុងតំបន់បឹងក្រពើលើ ។

ព័ត៌មានបន្ថែមនិងច្បាស់ការនឹងមានផ្សាយជូននៅពេលក្រោយទៀត នៅលើកាសែតកោះសន្តិភាព ។

Picture

 

Picture

 

Picture
Picture
Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *