ព័ត៌មាន

ឯកឧត្តមនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានសភាសិង្ហបុរី ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ និងការជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជា ប្រធានព្រឹទ្ធសភា។ នេះបើយោងតាមសារលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ។

 

នៅក្នុងសារលិខិត ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់បន្ថែមថា៖ “សិង្ហបុរី និងកម្ពុជា រីករាយនឹងទំនាក់ទំនងមិត្តភាពយូរអង្វែង រួមទាំងនៅក្នុងកម្រិតសភាផងដែរ។ ខ្ញុំប្រាកដក្នុងចិត្តថា សម្តេចតេជោនឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញ ដល់ទំនាក់ទំនងរបស់យើង ហើយដំណើរទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរីនាពេលខាងមុខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងពង្រឹងចំណងទាក់ទងរវាងប្រទេសយើងឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងពេលដែលយើងធ្វើការជាមួយគ្នាដើម្បីជំរុញប្រយោជន៍ប្រទេសទាំងពីរទៅវិញទៅមក និងដើម្បីជាផលប្រយោជន៍ប្រជាជនប្រទេសយើងទាំងពីរ និងតំបន់។

 

ដោយឡែក ឯកឧត្តម Seah Kian Peng ប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរី ក៏បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ។

 

ឯកឧត្តមប្រធានរដ្ឋសភា បានបញ្ជាក់នៅក្នុងសារលិខិតថា៖ “ប្រទេសសិង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងល្អប្រសើរ និងយូរអង្វែងជាមួយគ្នា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយ សម្តេចតេជោ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ក៏ដូចជាក្នុងចំណោមសភាជាសមាជិក នៃអន្តរសភាអាស៊ាន (AIPA)។

 

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូងបានអង្គបោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយសម្លេង ៦២លើ៦២៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *