ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រកឃើញសំបុត្រមួយ ដែលជនរងគ្រោះសរសេរទុកឲ្យក្រុមគ្រួសារ បន្ទាប់ពីបុរសម្នាក់លោតសម្លាប់ខ្លួន នៅភ្នំបូកគោទាំងកណ្ដាលយប់ តែធ្លាក់មកទើរជាប់ដើមឈើ

 

(កំពត)៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នំា២០២៣នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ដើមឡើយហេតុការណ៍នេះ លោកទទួលបានសេចក្ដីរាយការណ៍ថា មានករណីបុរសម្នាក់ប៉ង់សម្លាប់ខ្លួន នៅលើភ្នំបូកគោ ក្រោយវត្តសំពៅប្រាំ។ ក្រោយមក លោកបានបញ្ជាកម្លាំងអធិការក្រុងបូកគោ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវភ្លាមៗនៅទីតាំងដែលសង្ស័យ។
ក្នុងវ័យ២៤ឆ្នាំ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួន ដោយលោតពីលើភ្នំបូកគោទាំងកណ្ដាលយប់ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយសារតូចចិត្តនឹងជំងឺរលាកស្រោមខួរក្បាល ដំណាក់កាលចុងក្រោយ ប៉ុន្ដែការប៉ង់បញ្ចប់ជីវិតនេះ មិនបានសម្រេចនោះឡើយ ពោលនៅពេលលោតចុះមកបានទើរជាប់ដើមឈើ ហើយត្រូវសមត្ថកិច្ចជួយសង្គ្រោះ។
លោកស្នងការបានបញ្ជាក់ទៀតថា បន្ទាប់ពីប្រើពេលអស់ជាច្រើនម៉ោង ដោយមានកិច្ចសហការជាមួយមន្ដ្រីអាវុធហត្ថ សន្ដិសុខក្រុមហ៊ុន និងមន្ដ្រីបរិស្ថាន រហូតដល់ម៉ោង៣ទាបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថកិច្ចរកឃើញជនរងគ្រោះ នៅជំរាលភ្នំខាងក្រោម ដោយនៅពេលលោតចុះមកទើនឹងដើមឈើធំៗ។ ក្រោយរកឃើញ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះវិញ។
យោងតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ចិន សុបិន អាយុ២៤ឆ្នាំ បានបាត់ចេញពីផ្ទះ គ្រាដើមឡើយមិនដឹងថាទៅណានោះទេ ក្រោយមកបានរកឃើញសំបុត្រមួយ ដែលជនរងគ្រោះសរសេរទុកឲ្យក្រុមគ្រួសារ ដោយបានបញ្ជាក់ថា រូបគេនឹងលោតសម្លាប់ខ្លួននៅលើភ្នំបូកគោ ព្រោះតែតូចចិត្តនឹងជំងឺរលាកខួរក្បាលដំណាក់កាលចុងក្រោយ ដែលគ្រូពេទ្យថា រូបគេរស់បានត្រឹមតែ២ខែទៀតប៉ុណ្ណោះ។ ដោយឃើញការរៀបរាប់បែបនេះ ក្រុមគ្រួសារបានស្វែងរកជំនួយអន្ដរាគមន៍ពីសមត្ថកិច្ច និងបានផ្ដល់ព័ត៌មានអំពីតាំងដែលជនរងគ្រោះថានឹងលោតសម្លាប់ខ្លួន ហើយសមត្ថកិច្ចក៏បើកការស្រាវជ្រាវស្វែងរកភ្លាមៗតែម្ដង។ យ៉ាងណាមិញ នៅពេលនេះ សមត្ថកិច្ចបានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីធ្វើការអប់រំចិត្តបន្ថែមទៀត កុំឲ្យមានការគិតខ្លីបញ្ចប់ជីវិតខ្លួនឯងបែបនេះ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *