ព័ត៌មាន

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានគណ:កម្មការរៀបចំពិធីបុណ្យ អញ្ជើញចូលរួមពិធីយាងព្រះសពតម្កល់ក្នុងមញ្ជូសា

   នៅរសៀលថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមកម្មវិធីរបស់គណ:កម្មការរៀបចំពិធី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីយាងព្រះសពតម្កល់ក្នុងមញ្ជូសា និងពិធីចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលជូនចំពោះព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងរៀបចំពិធីថ្វាយតាមបវេណីព្រះពុទ្ធសាសនានៅលើព្រះវិហារធំវត្តឧណ្ណាលោម។ កម្មវិធីនេះមានការយាងនិងនិមន្តចូលរួមគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលផងដែរ។ 

 

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *