ព័ត៌មាន

រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា ទំហំទឹកប្រាក់ ២០០លានដុល្លារ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៩ ខែមីនានេះបានបញ្ជាក់ថា គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រដល់អាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។

កញ្ចប់ដំបូងនៃគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍។

គម្រោងធានាឥណទាននេះ នឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការ ទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បញ្ជាក់ថាការដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា គឺចំពេលក្នុងការគាំទ្រដល់អាជីវកម្មដែលគ្រោងស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ។ គម្រោងនេះ នឹងចូលរួមគាំទ្រដល់គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល និងស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។

លោកបានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជា តាមរយៈការចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងពង្រឹងអភិបាលកិច្ចឥណទាន។

អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ញាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី ៥០%) អាចទទួលបានការធានាឥណទានពីសាជីវកម្មធានា ឥណទានកម្ពុជាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ខាងលើ ឬអាចចូលគេហទំព័រ www.cgcc.com.kh របស់សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម តាមរយៈ BRGS៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *