ព័ត៌មាន

អាជ្ញាធរពាក់ព័ន្ធ គួរក្រឡេកមើលការដឹកជញ្ជូនកម្មករ ដើម្បីបញ្ចៀសការរីករាលដាលជំងឺកូវីដ១៩

មកដល់ពេលនេះរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តសៀមរាបជាដើម សុទ្ធសឹងជាតំបន់ដែលក្រសួងសុខាភិបាល ប្រកាសអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងការរក្សាគម្លាត។ ប៉ុន្តែបើគេក្រឡេកទៅមើលពីការដឹកជញ្ជូនកម្មករ និយោជិតក្នុងវិស័យវេយណភណ្ឌវិញ ហាក់មិនទាន់បានអនុវត្តន៍វិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល ឬដើម្បីទប់ស្កាត់ការចម្លងគ្នានៅឡើយ។

ទាំងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តដែលមានការដឹកជញ្ជូនកម្មករ និយោជិតបម្រើការក្នុងវិស័យវេយណភណ្ឌ គេបានសង្កេតឃើញការដឹកជញ្ជូន នៅតែធ្វើដូចពេលមិនទាន់មានជំងឺកូវីដ១៩ផ្ទុះឡើងដដែល។ រូបភាពច្រើនសន្លឹកដែលជាទិដ្ឋភាពដឹកជញ្ជូនកម្មករ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ គេបានឃើញការដឹកជញ្ជូននៅបញ្ច្រៀតគ្នា មិនមានការរក្សាគម្លាតអ្វីនោះឡើយ ហើយខ្លះទៀតក៏មិនមានពាក់ម៉ាស់ផងដែរ។

ការបន្តប្រកាន់ឥរិយាបថនៃការដឹកជញ្ជូនបែបនេះ គឺមានការព្រួយបារម្ភថា អាចនឹងមានហានិភ័យខ្ពស់ក្នុងចម្លងជំងឺកូវីដ១៩ នៅក្នុងចង្កោមកម្មករ។ បើទោះបីនៅតាមរោងចក្រ សហគ្រាស ត្រូវបានអនុវត្តវិធានការចាំបាច់មួយចំនួនដូចជាការរក្សាគម្លាត ការវាស់កម្តៅ លាងដៃនឹងអាល់កុលមុនចូលធ្វើការយ៉ាងណាក្តី តែបើការដឹកជញ្ជូនមានការបញ្ច្រៀតគ្នាបែបនេះ អាចនឹងប្រឈមនឹងការចម្លងជំងឺដដែល។

កម្មករ និយោជិត ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការទ្រទ្រង់ដល់ដំណើរការរោងចក្រនានា ដែលកំពុងត្រដរដំណើរការច្រវ៉ាក់ផលិតកម្មរបស់ពួកគេក្នុងបរិបទកូវីដ១៩នេះ។ បើសិនកម្មករ និយោជិត ត្រូវវាយលុកដោយជំងឺកូវីដ១៩ ច្បាស់ណាស់ថា មិនត្រឹមតែកម្មករនោះទេ រងផលប៉ះពាល់ រោងចក្រ សហគ្រាស និងសេដ្ឋកិច្ចជាតិផងដែរ នឹងបន្តការរងផលប៉ះពាល់ខ្លាំង។

ដូច្នេះការរួមគ្នាទប់ស្កាត់ឱ្យខានតែបានកុំឱ្យជំងឺកូវីដ១៩ ឆ្លងចូលទៅក្នុងចង្កោមកម្មករ និយោជិត ជារឿងដ៏ចាំបាច់បំផុត។ អាជ្ញាធរពាក់ព័ន្ធទាំងអស់ គួរមានចំណាត់ការតឹងរឹងទៅលើម្ចាស់រថយន្តដឹកជញ្ជូន និងក្រុមកម្មករ និយោជិត បញ្ឈប់ការដឹកជញ្ជូនញាត់ណែនតាន់តាប់បែបនេះ ជាមួយការដាក់កំហិតឱ្យអនុវត្តវិធានការនានាឱ្យបានតឹងរឹង ដើម្បីធានាថាកូវីដ១៩ មិនរាលដាលទៅក្នុងកម្លាំងផលិតកម្មវេយណភណ្ឌ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *