កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យ៉ា ដែល បានចិញ្ចឹមឡើងដើម្បីធ្វើការលក់ទៅកាន់ទីផ្សារក្រៅប្រទេស និងមួយផ្នែកលក់ក្នុងទីផ្សារក្នុងស្រុកផងនោះកំពុងទទួលបានការចាប់អារម្មណ៍ទទួលទិញនៅប្រទេសជប៉ុន ហើយក្រុមហ៊ុនត្រៀមសម្រាប់ការលក់ទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗទៀតបើមានការកុម្មង់ទិញនាថ្ងៃខាងមុខ។
លោក ចាវ សួស្តី ម្ចាស់សិប្បកម្មCambodia Fresh Farm បានបញ្ជាក់ប្រាប់ថាត្រីទីឡាព្យ៉ាជាត្រីងាយចិញ្ចឹមធំលឿនពោលគឺត្រីរយៈពេល៦ខែអាចចាប់លក់បានហើយ ដែលជាប្រភេទត្រីហុចផលលឿន។បច្ចុប្បន្ននេះលោកមានស្រះចិញ្ចឹមត្រីចំនួន ២១ ស្រះ និងស្រះនីមួយៗមានទំហំ ៤០ ម៉ែត្រគុណ៤០ ម៉ែត្រ។ ក្នុងមួយស្រះនីមួយៗ គឺយើងចិញ្ចឹមកូនត្រីទីឡាព្យ៉ាប្រមាណ ១ ម៉ឺនក្បាល និងទទួលផលបានប្រមាណ ៣ តោន។
គួរបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកសារព័ត៌មាន១៩ស្ថាប័ននៅតាមបណ្តារាជធានី-ខេត្តចំនួន៣គឺខេត្តកណ្តាល កំពង់ធំនិងសៀមរាបចាប់ពីថ្ងៃទី១៧-២០ ខែ កញ្ញា ឆ្នាំ ២០២៣៕