ទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងអនុញ្ញាតឱ្យប្រជាជនប្រើផ្នែកខ្លះនៃផ្លូវ និងចិញ្ចើមផ្លូវដើម្បីធ្វើជាចំណតរថយន្ត និងអាជីវកម្ម ប៉ុន្តែត្រូវបង់ប្រាក់ចាប់ពីឆ្នាំ ២០២៤ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
វិធានការនេះ ត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍ពីនាយកដ្ឋានដឹកជញ្ជូន ទៅកាន់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយរង់ចាំការយល់ព្រមពីក្រុមប្រឹក្សាប្រជាជនក្រុងសិន មុនចាប់ផ្ដើមអនុវត្ត។ វានឹងអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវសម្រាប់សកម្មភាពអាជីវកម្មផ្សេង និងជាចំណតរថយន្ត។
តម្លៃសម្រាប់ការប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវ គឺផ្អែកលើតម្លៃដីជាមធ្យមនៅក្នុងតំបន់។ សម្រាប់កន្លែងចតរថយន្ត តម្លៃទាបបំផុតគឺ ៥០ ០០០ ដុង (២ ដុល្លារ ) និងខ្ពស់បំផុតគឺ ៣៥០ ០០០ ដុង (១៤,៤ ដុល្លារ) ក្នុងមួយម៉ែតការ៉េ/ខែ។ សកម្មភាពផ្សេងទៀត នឹងត្រូវបង់ថ្លៃពី ២០ ០០០-១០០ ០០០ ដុង/ម៉ែត្រការ៉េ។