នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃទី១០ ខែកញ្ញានេះ បាននិយាយថា រូបលោកនឹងធ្វើការរុះរើគណៈរដ្ឋមន្រ្តីរបស់ខ្លួននៅក្នុងថ្ងៃពុធសប្តាហ៍នេះ។
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 បាននិយាយថា គាត់គ្រោងនឹងបញ្ចេញកញ្ចប់សេដ្ឋកិច្ចថ្មីមួយ ដើម្បីជួយដោះស្រាយអតិផរណាក្នុងក្រុមគ្រួសារប្រជាជន។
លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ពីរដ្ឋធានីរបស់ឥណ្ឌា យ៉ាងដូច្នេះថា បន្ទាប់ពីខ្ញុំត្រឡប់ទៅប្រទេសជប៉ុនវិញនៅព្រឹកថ្ងៃចន្ទនេះ ខ្ញុំនឹងសម្របសម្រួលជាមួយបុគ្គលដែលពាក់ព័ន្ធ ហើយនឹងអនុវត្តការតែងតាំងបុគ្គលិកសម្រាប់តំណែងថ្នាក់ដឹកនាំ និងតំណែងរដ្ឋមន្ត្រីរបស់គណបក្ស (កាន់អំណាច)។
បន្ថែមលើនេះ ខ្ញុំចង់ការពារជីវិតរបស់ប្រជាជនពីការកើនឡើងតម្លៃទំនិញ ក៏ដូចជាការដំឡើងប្រាក់ឈ្នួល និងការពង្រីកការវិនិយោគ… យើងត្រូវធ្វើរឿងនេះជាបន្ទាន់ ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ប្រភព៖ AFP