ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រោយពីកម្ពុជាយើងបានប្តឹងក្រុមហ៊ុន ដែលបានដឹកប្រេងចេញ ដោយបានរត់ចូលប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដោយកម្ពុជាយើង បានព្យាយាមស្វះស្វែងរកការអន្តរាគមន៍នានា តាមរយៈផ្លូវច្បាប់ ទោះបីជាមានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ យើងបានសម្រេចបញ្ចប់រឿងនេះ ដោយធ្វើការចរចារគ្នាលក់ប្រេងចែកគ្នា។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នាសាលាខេត្តកែប ឯកឧត្តម ស៊ុយ សែម បានថ្លែង ថា ប្រេងឆៅចំនួនជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រ ត្រូវបានគេលួចដឹកចេញពីកម្ពុជាតាមរយៈកប៉ាល់ MT Strovolous ដែលក្រុមហ៊ុន Kris Energy បានជួលសម្រាប់ធ្វើការស្តុកប្រេង កាលពីពាក់កណ្ដាលឆ្នាំមុន ពេលនេះត្រូវបានក្រសួងរ៉ែ និងថាមពល បានម្រេចការចរចារគ្នាដើម្បីបញ្ចប់រឿងជាមួយក្រុមហ៊ុនកប៉ាល់ដែលបានដឹកចេញរួចហើយ ដោយកម្ពុជាទទួលបាន ៧០% នៃតម្លៃប្រេងសរុប។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ទីបំផុតទៅឈប់ប្តឹងឈប់ផ្តល់ យកប្រឹងហ្នឹងមកលក់ចែកគ្នា ឥឡូវព្រមព្រៀងគ្នា លក់ប្រេងចែកគ្នា។ ឥឡូវលក់ចែកគ្នារួចហើយ លក់បានប៉ុន្មានថ្ងៃមុននេះ! អស់លុយម៉ាកំភ្លោះ គ្មានតែមេធាវីតាមប្តឹង ហើយនឹងចរចា យើងបាន ៧០%នៃថ្លៃលក់ប្រេងក្នុងកប៉ាល់ហ្នឹង បានប្រហែលជា ១០ទៅ ២០លានអីដែរ។ អាប្រេងហ្នឹងយើងយកមកជាចំណែកចូលថវិការដ្ឋ។»
លោកបានបញ្ជាក់ថា ក្រុមហ៊ុន Kris Energy បានរកស៊ីលើការបូមប្រេងនៅប្រទេសចំនួន៥ ដោយសុទ្ធតែក្ស័យធន់រួមទាំងក្នុងប្រទេសកម្ពុជាដែរ ហើយករណីនេះ មិនមែនជាកំហុសការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលរបស់យើងនោះទេគឺដោយសារការក្ស័យធន់នៃក្រុមហ៊ុននេះ។ ឥឡូវនេះយើងកំពុងបន្តស្វែងរកក្រុមហ៊ុនថ្មីដើម្បីបន្តការងារនេះទៅមុខទៀត៕